មេដឹកនាំកូរ៉េខាងជើង៖ សហរដ្ឋអាមេរិកចង់អូសបន្លាយជម្លោះអ៊ុយក្រែន

0

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច កំពុងអូសបន្លាយពេលនៃជម្លោះនៅអ៊ុយក្រែនដើម្បីយកឈ្នះយុទ្ធសាស្រ្តរុស្ស៊ី។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។

នៅក្នុងកិច្ចប្រជុំមួយនៅឯក្រសួងការពារជាតិ ដើម្បីប្រារព្ធខួបលើកទី៧៧ នៃកងទ័ពប្រជាជនកូរ៉េ លោក បានអះអាងថា សហរដ្ឋអាមេរិក ត្រូវបានបិទភ្នែកដោយមហិច្ឆតាព្រៃសម្រាប់ការបង្កើតអនុភាពឯកបក្ស ហើយនៅតែជាធាតុសំខាន់នៅពីក្រោយឆាកនៃម៉ាស៊ីនសង្រ្គាមដែលជំរុញឱ្យមានជម្លោះ។

ទីភ្នាក់ងារសារព័ត៌មាននោះបានកត់សម្គាល់ថា លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាកប្បកិរិយាមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងក្រុមលោកខាងលិចដែលមានចេតនាជំរុញឱ្យមានសង្រ្គាមអូសបន្លាយសម្រាប់ក្តីសុបិនដែលមិនអាចសម្រេចបានដើម្បីដោះស្រាយវិបត្តិជាយុទ្ធសាស្ត្រចំពោះប្រទេសរុស្ស៊ី។

លោក គីម បានចង្អុលបង្ហាញថា ទីក្រុងព្យុងយ៉ាងបានប្រឆាំងឥតឈប់ឈរចំពោះទង្វើណាមួយនៃការបដិសេធយុត្តិធម៌អន្តរជាតិ និងការរំខានដល់សន្តិភាព និងសន្តិសុខពិភពលោក។

លោកបាននិយាយបន្ថែមថា ប្រទេសរបស់លោកនឹងគាំទ្រ និងលើកទឹកចិត្តជានិច្ចនូវបុព្វហេតុដ៏ត្រឹមត្រូវរបស់កងទ័ព និងប្រជាជនរុស្ស៊ី ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន ដោយគោរពតាមស្មារតីនៃសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្ស៊ី។

លោកក៏បានយល់ឃើញផងដែរថា នៅក្នុងឆ្នាំ២០២៥ នេះ ជម្លោះអ៊ុយក្រែននឹងនៅតែជាអ័ក្សដ៏សំខាន់ពីរនៃស្ថានភាពតានតឹងអន្តរជាតិ មួយទៀតគឺស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីប និងស៊ីរី ដែលជាកន្លែងនៃជម្លោះភូមិសាស្ត្រនយោបាយសកលលោក និងការប្រឈមមុខដាក់គ្នាកាលពីឆ្នាំមុន៕