ស្ពាន​ផ្លូវ​ហាយវ៉េ​ត​ភ្ជាប់រវាង​កូរ៉េ​ខាងជើង និងរុស្ស៊ី​ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦

0

បរទេស៖ យោងតាមរបាយការណ៍របស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា គម្រោងស្ពានផ្លូវហាយវេរួមគ្នាមួយតភ្ជាប់រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ឆ្លងកាត់ទន្លេទូមេន កំពុងដំណើរការ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា រដ្ឋាភិបាលរុស្ស៊ីបានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុនសំណង់ TonnelYuzhStroi ជាអ្នកសាងសង់ និងរចនាស្ពានផ្លូវហាយវេឆ្លងកាត់ទន្លេនៅតាមព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។

របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា កាលបរិច្ឆេទផុតកំណត់សម្រាប់ការអនុវត្តកិច្ចសន្យារដ្ឋគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ កិច្ចសន្យានេះបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងព្យុងយ៉ាង កាលពីខែមិថុនាឆ្នាំមុនរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ស្តីពីការសាងសង់ស្ពានឆ្លងកាត់ទន្លេទូមេន នៅខាងក្រៅកិច្ចព្រមព្រៀងសន្ធិសញ្ញាការពារទៅវិញទៅមកដ៏ទូលំទូលាយរបស់ពួកគេ។

ការសាងសង់ស្ពានផ្លូវហាយវេនេះត្រូវបានគេរំពឹងថានឹងសម្រួលដល់លំហូរទំនិញ និងអ្នកដំណើរកាន់តែលឿន និងសេរីរវាងប្រទេសទាំងពីរ ខណៈដែលភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាលំដាប់ក្នុងវិស័យសេដ្ឋកិច្ច យោធា និងវិស័យផ្សេងៗទៀត។

ស្ពាន​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​រចនាសម្ព័ន្ធ​ពីរ​គន្លង​ដែល​មាន​ប្រវែង ៨០០ម៉ែត្រ និង​ទទឹង ១០ម៉ែត្រ ហើយ​នឹង​ត្រូវ​សាងសង់​នៅ​ចម្ងាយ​ប្រហែល ៤០០ម៉ែត្រ​ពី​ក្រោម​ស្ពាន​រថភ្លើង​មួយ​ទៀត​ឆ្លងកាត់​ទន្លេ៕