ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ហិរញ្ញប្បទាន បង្កើតឲ្យមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា៖ «បើពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវក្នុង និងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃើញថា តម្លៃស្រូវ និងអង្កររបស់កម្ពុជាយើងមានស្ថិរភាព និងកើនឡើងជាបន្តបន្ទាប់ ជាមួយគ្នានោះ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោន ក្នុងឆ្នាំ២០២៤។
ជាមួយគ្នានេះ ផលិតកម្មស្រូវមានកំណើនយ៉ាងច្រើនផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលញ្ចេញដើម្បីស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថា ប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាព ឬចុះថោកនោះ កសិករខ្មែរ នឹងមិនបង្កើនការផលិតច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា ប្រសិនស្រូវមានតម្លៃថោក ហើយលក់មិនដាច់ ច្បាស់ណាស់កសិករនឹងឈប់ធ្វើស្រែ ហើយទៅស្វែងរកការងារធ្វើ នៅទីក្រុង ឬក្រៅប្រទេស ជាក់ជាមិនខាន ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦ មកនៅក្រោម៩តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ នេះជាសច្ចភាព។
បន្ថែមពីលើនេះ ការកើនឡើងនៃផលិតកម្មស្រូវនេះ គឺទី១ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម និងទី២ កសិករធ្វើស្រែបានចំណេញច្រើនជាងមុនទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែងនាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង។ ហើយជារួមនៅក្នុងន័យនេះ បើសិនកសិករយើងធ្វើស្រែខាតវិញ គឺមិនបន្តធ្វើទៀតទេ។
ដោយឡែកការវិវត្តជាវិជ្ជមាននេះ មិនមែនត្រឹមតែដំណាំស្រូវទេ ពោលគឺដំណាំផ្សេងៗក៏មានកំណើនផ្នែកផលិតកម្មដែរ ដូចជាដំណាំចន្ទីរ ដំឡូងមី កៅស៊ូ ឬផ្នែកចិញ្ចឹមសត្វ វារីវប្បកម្ម ជាពិសេស វិស័យបន្លែ-ផ្លែឈើ មានការចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០១៦៕