មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងថា នឹងឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ចំពោះផលប៉ះពាល់ ដែលអាចកើតមានពីពន្ធគយរបស់សហរដ្ឋអាមេរិក

0

បរទេស៖ មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះផលប៉ះពាល់ ដែលអាចកើតមានទៅលើការនាំចេញរបស់ប្រទេស និងក្រុមហ៊ុនកូរ៉េខាងត្បូង ពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់សហរដ្ឋអាមេរិក រួមទាំងពន្ធខ្ពស់លើទំនិញនាំចូលពីប្រទេសកាណាដា ម៉ិកស៊ិកូ និងចិន។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ជឹង អ៊ីនក្យូ (Cheong In-kyo) បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងកិច្ចប្រជុំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ដែលបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសអំពីផែនការដាក់ពន្ធ ២៥% ទៅលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកូ និង ១០% ទៅលើទំនិញពីប្រទេសចិន។ លោក ត្រាំ ក៏បានប្តេជ្ញាថានឹងដាក់ពន្ធបន្ថែមទៀតទៅលើការនាំចូលថាមពល គ្រឿងអេឡិចត្រូនិក និងការនាំចូលផ្សេងៗទៀតនាពេលខាងមុខ។

លោក ជឹង បាននិយាយដោយប្តេជ្ញាថា «នៅពេលដែលរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកកំពុងប្រកាសយ៉ាងរហ័សនូវសំណុំនៃបទបញ្ជាប្រតិបត្តិក្រោមគោលនយោបាយ «America First» និងប្រើប្រាស់ពន្ធគយយ៉ាងសកម្មនោះ រដ្ឋាភិបាល និងវិស័យឯកជនគួរតែរួបរួមគ្នានូវសមត្ថភាពរបស់ពួកគេ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលចំពោះផលប៉ះពាល់ដែលអាចកើតមានមកលើប្រទេសក្រោមសេណារីយ៉ូផ្សេងៗគ្នា»។

សហគមន៍ពាណិជ្ជកម្មក្នុងស្រុក បានសម្តែងការព្រួយបារម្ភអំពីពន្ធរបស់លោក ត្រាំ នៅពេលដែលក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើន កំពុងដំណើរការរោងចក្រផលិតនៅក្នុងប្រទេសកាណាដា និងម៉ិកស៊ិកូ។

យោងតាមមន្រ្តីទាំងនោះ បានឱ្យដឹងថា ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឈានមុខគេ ដូចជាក្រុមហ៊ុនអេឡិចត្រូនិចសាំស៊ុង (Samsung Electronics) ក្រុមហ៊ុនអេឡិចត្រូនិចអិលជី (LG Electronics) និងក្រុមហ៊ុនផលិតថ្ម LG Energy Solution និង POSCO Future M កំពុងតាមដានយ៉ាងដិតដល់នូវការអនុវត្តនៃការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់អាមេរិកខាងជើង៕