បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S Jaishankar) បានជួបជាមួយលោក អាន់វ៉ា កាហ្កាស់ (Anwar Gargash) ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួមកាលពីព្រឹកថ្ងៃអង្គារ។
នៅលើបណ្តាញសង្គមអ៊ិច (X) លោក ចៃស្សាន់ការ បាននិយាយកាលពីម្សិលមិញថា «ល្អណាស់ដែលបានជួបលោក អាន់វ៉ា ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួមនៅព្រឹកនេះ ដោយបានពិភាក្សាអំពីភាពជាដៃគូពិសេស និងការរីកចម្រើនបន្ថែមទៀតរបស់យើង»។
បច្ចុប្បន្ននេះ លោករដ្ឋមន្រ្តី ចៃស្សាន់ការ កំពុងបំពេញទស្សនកិច្ចផ្លូវការនៅអេមីរ៉ាត់អារ៉ាប់រួម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ជាមួយនឹងគោលដៅក្នុងការកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។
ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម មានទំនាក់ទំនងការទូតយ៉ាងល្អចាប់តាំងពីពួកគេបានបង្កើតទំនាក់ទំនងក្នុងឆ្នាំ១៩៧២ មក។ អេមីរ៉ាត់អារ៉ាប់រួមបានបើកស្ថានទូតរបស់ខ្លួននៅប្រទេសឥណ្ឌាក្នុងឆ្នាំតែមួយនោះ ខណៈដែលឥណ្ឌាបានបើកស្ថានទូតនៅអេមីរ៉ាត់អារ៉ាប់រួមនៅក្នុងឆ្នាំ១៩៧៣។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងនេះបានវិវត្តទៅជាភាពជាដៃគូដ៏រឹងមាំ និងពហុមុខងារ។ សន្ទុះនៅក្នុងទំនាក់ទំនងឥណ្ឌា – អេមីរ៉ាត់អារ៉ាប់រួមបានឈានដល់ចំណុចសំខាន់មួយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ទៅកាន់អេមីរ៉ាត់អារ៉ាប់រួម ដែលត្រូវបានកត់ត្រាថាជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់អេមីរ៉ាត់អារ៉ាប់រួមក្នុងរយៈពេល ៣៤ឆ្នាំ។
ដំណើរទស្សនកិច្ចនេះបានកំណត់នូវដំណាក់កាលថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ដោយការចាប់ផ្តើមភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយុទ្ធសាស្ត្រ។ ប៉ុន្មានឆ្នាំថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ម៉ូឌី បានធ្វើទស្សនកិច្ចទៅកាន់អេមីរ៉ាត់អារ៉ាប់រួមជាច្រើនដង ដែលថ្មីៗនេះនៅក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុ COP28 នៅទីក្រុងឌូបៃ៕