ភ្នំពេញ៖ ការណែនាំឱ្យសមត្ថកិច្ចបង្កើនវិធានការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយាន្តជំនិះពីសំណាក់សម្តេចមហាបវរធិបតីនេះ បានធ្វើឡើង ខណៈនៅអំឡុងបុណ្យចូលឆ្នាំចិននេះ មានការសេបគ្រឿងស្រវឹងច្រើន។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតីបានលើកអំពីការកត់សំគាល់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ អ្នកបើកបរក្នុងស្ថានភាពស្រវឹង នៅតែបន្តកើតមានច្រើន នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតជាសោកនាដកម្មជាបន្តបន្ទាប់ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ថ្មីៗនេះនៅលើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ពិធីចូលឆ្នាំចិនឆ្នាំ២០២៥ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ខែមករានេះ ដែលសកម្មភាពចរាចរណ៍បានកើនឡើង។
ការជំរុញឱ្យសមត្ថកិច្ចបង្កើនវិធានការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយាន្តជំនិះនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននេះ ក៏បានផ្អែកទៅលើការកត់ត្រាកន្លងមក ដែលឃើញថានៅក្នុងអំឡុងពេលនោះ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងច្រើនតួយ៉ាងក្នុងរយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩-១១ខែ កុម្ភៈ កាលពីឆ្នាំ២០២៤កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៥ករណី បណ្តាលអោយមានមនុស្សស្លាប់២៣នាក់និងរងរបួស៤១នាក់។ ហើយក្នុងរយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំចិន ចាប់ពីថ្ងៃទី២២-២៤ខែ កុម្ភៈ កាលពីឆ្នាំ២០២៣កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៦០ករណី បណ្តាលអោយមានមនុស្សស្លាប់១៧នាក់និងរងរបួស៤៣នាក់។
ក្រោយពេលប្រមុខរដ្ឋាភិបាលអោយចាត់វិធានការនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ក៏បានចេញសេចក្តីអំពាវនាវមួយអោយសាធារណជន ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ដោយសំណូមពរអោយបើកបរក្នុងស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ មិនត្រូវបើកបរលើសល្បឿនកំណត់ ។ មិនត្រូវបើកបរបញ្ច្រាស់ទិសចរាចរណ៍។ ត្រូវប្រុងប្រយ័ត្នក្នុងការបត់ ការជែង ការចត ការឈប់ និងត្រូវបើកបរតាមគន្លងផ្លូវដែលច្បាប់បានកំណត់។ ត្រូវរក្សាជានិច្ចនូវសីលធម៌យោគយល់ អាធ្យាស្រ័យគ្នាក្នុងការបើកបរ។ ទន្ទឹមនេះ បានរំលឹកអោយអ្នកបើកបរ ត្រូវត្រួតនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចជាកង់ ហ្វាំង ភ្លើង បំភ្លឺ និងចង្កូត មុនពេលចេញដំណើរ។
សូមរំលឹកថា ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់ រួមទាំងបានបណ្តាលអោយមនុស្សធ្លាក់ខ្លួនពិការបាត់បង់សមត្ថភាពការងាររាប់ពាន់នាក់ផ្សេងទៀត៕