អេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ី ពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ និងទំនាក់ទំនង

0

បរទេស៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ WAM របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម លោក សីខ៍ អាប់ឌុលឡាហ៍ ប៊ីន ហ្សាយេដ អាល់ ណាហ៍យ៉ាន់ (Sheikh Abdullah bin Zayed Al Nahyan) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍក្នុងតំបន់។

ទីភ្នាក់ងារ WAM បាននិយាយថា ការពិភាក្សាតាមទូរស័ព្ទរបស់ពួកគេបានផ្តោតលើបញ្ហាសំខាន់ៗនៅក្នុងប្រទេសស៊ីរី និងលីបង់ ហើយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាព និងសន្តិភាពក្នុងតំបន់។

របាយការណ៍បានបន្ថែមថា ក្រៅពីបញ្ហាក្នុងតំបន់ រដ្ឋមន្ត្រីទាំងពីរបានលើកឡើងពីទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំរវាងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ី ហើយស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យផ្សេងៗ ជាពិសេសភាពជាដៃគូលើវិស័យវប្បធម៌ និងសេដ្ឋកិច្ច ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយ៕