គម្រោងព្រែកជីកហ្វូណនតេជោ៖ ក្រុមការងារនឹងបញ្ចប់ដំណើរ​ការផ្ទៀងផ្ទាត់​និយាមកា និងបោះបង្គោលព្រំដី ប្រវែង១៥៩គីឡូម៉ែត្រ​នៅខែមេសាខាង​មុខ

0

ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីក​ហ្វូណនតេជោកំណាត់ទី២ ដែលមាន​ប្រវែង​១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត​កណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោង​បញ្ចប់ការងារ​នេះក្នុងកំឡុងខែមេសា ឆ្នាំ២០២៥ខាងមុខ។នេះបើយោង​តាម​ការបញ្ជាក់របស់ឯកឧត្តម ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។

លើបណ្ដាញសង្គមផ្លូវការនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥​ឯកឧត្តម ផន រឹម បានបញ្ជាក់ថា​ដូចដែលបានដឹងរួចមក​ហើយ​កំណាត់ទី១ពីដំណើរ​ការផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោដែល​មានចម្ងាយ ២១គីឡូម៉ែត្រ បានបញ្ចប់ដោយជោគជ័យ​កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ចាប់ពីព្រែកតាកែវ​(ទន្លេមេគង្គ)-ព្រែកពោធិ៍ (ទន្លេបាសាក់) នៃភូមិសាស្តរខេត្តកណ្តាល។

ឯកឧត្តមបន្តថា ដើម្បីប្រសិទ្ធភាពការកាន់តែប្រសើរឡើង ក្រុមការងារបច្ចេក​ទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តគបណ្តុះបណ្ដាលការ​ប្រើប្រាស់ឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុង​ក្រោយ​បង្អស់ ដែល​ទើបបំពាក់បន្ថែម ដល់ក្រុមការងារដើម្បីត្រៀមចុះ​បេសកកម្ម​ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោល​ព្រំដីតាម​បណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២។

ឯកឧត្តមបានគូសបញ្ជាក់ថា “ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះ​បង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោ​កំណាត់ទី២ ដែលមាន​ប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបញ្ចប់ការងារនេះក្នុងកំឡុងខែ មេសា ឆ្នាំ២០២៥ខាងមុខ”។

បើតាមអ្នកនាំដដែលបានឱ្យដឹងថា ពេលក្រុមការងារទៅដល់កន្លែងណា​នោះនៃដំណើរការចុះផ្ទៀងផ្ទាត់និយាមកា និង​បោះ​បង្គោលព្រំដីតាម​បណ្តោយ​ព្រែកជីកហ្វូណនតេជោ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តែងបានសហការល្អជា​មួយ​ក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការ​គ្នាអនុវត្តការងារឱ្យបានរលូន និងជួយយកអាស្រ័យគ្នាយ៉ាងល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ៕