ចិននឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយហ្គ្រីណាដា

0

បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បាននិយាយ​ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសហ្រ្គីណាដា និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះក្នុងវិស័យដូចជាថាមពលថ្មី សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចពណ៌ខៀវដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសចិន និងហ្គ្រីណាដា។

លោក លី បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចពិភាក្សាជាមួយ លោក ឌីកកុន មីតឆេល (Dickon Mitchell) នាយករដ្ឋមន្រ្តីហ្គ្រីណាដាដែលអញ្ជើញមកទស្សនកិច្ចនៅទីក្រុងប៉េកាំង។

លោក លី បានកត់សម្គាល់ថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីមានទំនាក់ទំនងការទូតរវាងប្រទេសចិន និងហ្គ្រីណាដាឡើងវិញ ភាគីទាំងពីរបានប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងសមភាព រក្សាការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។

លោក លី បាននិយាយថា ប្រទេសចិននឹងធ្វើការជាមួយប្រទេសហ្រ្គីណាដា ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗ ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ។

លោក មីតឆេល បានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រដែលជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរចំពោះការគាំទ្រ និងជំនួយដ៏យូរអង្វែងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសហ្គ្រីណាដា។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសហ្រ្គីណាដានឹងបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ដោយលោកបានបន្ថែមថា ប្រទេសនេះគាំទ្រគំនិតផ្តួចផ្តើមពិភពលោកធំៗចំនួនបីដែលស្នើឡើងដោយប្រទេសចិន ហើយនឹងបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប្រទេសចិន៕