​កូរ៉េខាងត្បូង និងជប៉ុន ​យល់ព្រម​បន្ត​កិច្ចចរចា​កម្រិត​កំពូល ទោះបីជា​មាន​ភាពចលាចល​ផ្នែក​នយោបាយ​ក៏ដោយ​

0

បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា អ្នកការទូតជាន់ខ្ពស់កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តកិច្ចពិភាក្សាផ្ទាល់កម្រិតកំពូលរវាងប្រទេសជិតខាងទាំងពីរនៅក្នុង «ពេលវេលាដំបូងបំផុតដែលអាចធ្វើទៅបាន» ចំពេលមានភាពចលាចលផ្នែកនយោបាយពីការចោទប្រកាន់ចំពោះប្រធានាធិបតី កូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា អនុរដ្ឋមន្ត្រីការបរទេសទីមួយលោក លោក គីម ហុងយ៉ុន (Kim Hong-kyun) និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ាសាតាកា អូកាណូ (Masataka Okano) បានចែករំលែកការប្តេជ្ញាចិត្តក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ភាគីទាំងពីរដែលបានធ្វើឡើងនៅទីក្រុងតូក្យូ កាលពីព្រឹកមិញ។

ប្រទេសកូរ៉េខាងត្បូងកំពុងបង្កើនការធានាឡើងវិញដល់ប្រទេសជាដៃគូសំខាន់ៗថា ខ្លួននៅតែមានលក្ខណៈគ្រប់គ្រាន់ក្នុងការអនុវត្តកិច្ចការរដ្ឋ និងបន្តការទំនាក់ទំនងការទូតរបស់ខ្លួន ទោះបីជាមានការធ្លាក់ចុះផ្នែកនយោបាយពីការប៉ុនប៉ងច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ និងការចោទប្រកាន់ពីសភាក៏ដោយ។ លោក គីម ស្ថិតនៅក្នុងទីក្រុងតូក្យូ បន្ទាប់ពីការធ្វើដំណើររបស់លោកទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក គួត ខេមប៊ែល (Kurt Campbell) ។

លោក គីម បានប្រាប់លោក អូកាណូ ថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុង «គ្រប់គ្រងកិច្ចការរដ្ឋឱ្យស្ថិតស្ថេរក្រោមប្រព័ន្ធប្រធានាធិបតីស្តីទី ហើយដំណើរការនាពេលអនាគតទាំងអស់នឹងត្រូវបានអនុវត្តន៍ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់នៅក្នុងក្របខ័ណ្ឌនៃនីតិវិធីប្រជាធិបតេយ្យ»។ លោក «បានយល់ព្រមបន្តការពិគ្រោះយោបល់សម្រាប់កិច្ចប្រជុំដោយផ្ទាល់ និងកម្រិតកំពូលនៅក្នុងពេលវេលាដំបូងបំផុតដែលអាចធ្វើទៅបាន» ។

ក្រសួងបានបន្ថែមថា ភាគីទាំងពីរក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សា និងជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំសម្រាប់ខួបលើកទី៦០ នៅឆ្នាំក្រោយនៃការធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាឡើងវិញ៕