លោក ស៊ី អំពាវនាវឱ្យមានការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការជាមួយនេប៉ាល់

0

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក ខាដហ្គា ប្រាសាដ សារម៉ា អូលី (KP Sharma Oli) ដោយបានសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេប៉ាល់។

ដោយសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក អូលី ក្នុងការលើកកម្ពស់មិត្តភាពរវាងភាគីទាំងពីរក្នុងរយៈពេលដ៏យូរនោះ លោក ស៊ី បាននិយាយថា ប្រទេសចិន និងនេប៉ាល់ គឺជាអ្នកជិតខាងដ៏ល្អ មិត្តល្អ និងដៃគូដ៏ល្អ ហើយទំនាក់ទំនងទ្វេភាគីរក្សាបាននូវការអភិវឌ្ឍយ៉ាងរឹងមាំ និងស្ថិរភាព។

លោក ស៊ី បានបង្ហាញពីឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសនេប៉ាល់ ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាកំពង់ផែ ការដឹកជញ្ជូន បណ្តាញអគ្គិសនី និងទំនាក់ទំនង។

លោក អូលី បាននិយាយថា ក្នុងនាមជាមិត្តរបស់ប្រទេសចិន ប្រទេសនេប៉ាល់មានមោទនភាពយ៉ាងជ្រាលជ្រៅ និងបំផុសគំនិតដោយសមិទ្ធិផលនៃការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសចិន ហើយលោកសង្ឃឹមថានឹងរៀនពីបទពិសោធន៍របស់ប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍរបស់ខ្លួន។

លោក អូលី បាននិយាយថា តំបន់ស៊ីហ្សាង និងកោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។

ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសនេប៉ាល់ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនសម្រាប់ធ្វើសកម្មភាពប្រឆាំងនឹងប្រទេសចិន ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនឡើយ ហើយប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕