ប្រធានាធិបតីហ្សកហ្ស៊ីនឹងលាលែងពីតំណែង ទោះបីជាមានការបដិសេធក៏ដោយ

0

បរទេស៖ នាយករដ្ឋមន្រ្តីហ្សកហ្ស៊ី លោក អ៊ីរ៉ាក់លី កូបាកហ៊ីដហ្សេ (Irakli Kobakhidze) បាននិយាយថា ប្រធានាធិបតីហ្សកហ្ស៊ី លោកស្រី សាឡូមេ ហ្ស៊ូរ៉ាប៊ីចវីលី (Salome Zourabichvili) នឹងត្រូវចាកចេញពីវិមានប្រធានាធិបតីនៅថ្ងៃចូលកាន់តំណែងជាប្រមុខរដ្ឋថ្មីនៅថ្ងៃទី២៩ ខែធ្នូខាងមុខ បើទោះបីជាលោកស្រីមានសេចក្តីថ្លែងការណ៍ថាលោកស្រីនឹងមិនបោះបង់អំណាចរបស់ខ្លួនក៏ដោយ។

លោក កូបាកហ៊ីដហ្សេ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា «ខ្ញុំយល់ពីស្ថានភាពអារម្មណ៍របស់លោកស្រី [ហ្ស៊ូរ៉ាប៊ីចវីលី] ប៉ុន្តែជាការពិតណាស់នៅថ្ងៃទី២៩ ខែធ្នូ លោកស្រីនឹងត្រូវចាកចេញពីវិមានប្រធានាធិបតីរបស់លោកស្រី ហើយត្រូវប្រគល់អគារនេះទៅឱ្យប្រធានាធិបតីជាប់ឆ្នោតស្របច្បាប់វិញ»។

កាលពីថ្ងៃសៅរ៍ លោកស្រី ហ្ស៊ូរ៉ាប៊ីចវីលី បាននិយាយថា លោកស្រីនឹងមិនលាលែងពីតំណែងឡើយ បើទោះបីជាអាណត្តិរបស់លោកស្រីផុតកំណត់ហើយក៏ដោយ ព្រោះសភាថ្មីនេះ គឺជាសភាខុសច្បាប់។

សភារបស់ហ្សកហ្ស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកាកន្លងមកនេះ បានអនុម័តទៅលើកាលវិភាគនៃការបោះឆ្នោតប្រធានាធិបតីសម្រាប់ថ្ងៃទី១៤ ខែធ្នូ និងពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី២៩ ខែធ្នូ ក្រោយពីគណបក្ស Georgian Dream-Democratic Georgia ដែលជាគណបក្សកាន់អំណាចបានតែងតាំងសមាជិកសភា លោក មីឃែល កាវ៉េឡាស់វីលី (Mikhail Kavelashvili) ជាបេក្ខភាពប្រធានាធិបតីរបស់ខ្លួន៕