អ្នកការទូតកំពូលកូរ៉េខាងត្បូង និងសមាជិកក្រុម G7 សម្តែងការព្រួយបារម្ភ ជុំវិញការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី

0

បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា អ្នកការទូតកំពូលកូរ៉េខាងត្បូង កាណាដា បារាំង និងអ៊ីតាលី បានសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែងដែលបង្កឡើងដោយការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន ដោយអ្នកការទូតសន្យាថានឹងធ្វើការរួមគ្នាសម្រាប់ការឆ្លើយតប។

យោងតាមក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ តេយុល (Cho Tae-yu)l និងសមភាគីកាណាដា បារាំង និងអ៊ីតាលី បានលើកឡើងក្នុងអំឡុងកិច្ចពិភាក្សាដាច់ដោយឡែករបស់លោក ចូ ជាមួយពួកគេនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង៧ នៅទីក្រុងហ្វូហ្គជី ប្រទេសអ៊ីតាលី។

ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ហើយទាហានខ្លះបានចូលប្រយុទ្ធរួចហើយនៅក្នុងតំបន់ព្រំដែនឃឺស ភាគខាងលិចប្រទេសរុស្ស៊ី។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) លោក ចូ បានចែករំលែកការវិវឌ្ឍចុងក្រោយបង្អស់ និងការព្រួយបារម្ភអំពីការដាក់ពង្រាយកងកម្លាំង។ លោក ចូ បានពន្យល់ពីផែនការនៃប្រទេសរបស់លោកក្នុងការចាត់វិធានការ «ប្រកបដោយប្រសិទ្ធភាព និងជាដំណាក់កាល» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយ «ខុសច្បាប់» ចំពោះកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-កូរ៉េខាងជើង។

នៅក្នុងជំនួបដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក ជីន ណូអែល បាររ៉ូត (Jean-Noel Barrot) រដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយការដាក់ពង្រាយទ័ពកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង ចំពោះសន្តិសុខអឺរ៉ុប និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្រសួងការបរទេសបានកត់សម្គាល់ថា នៅក្នុងកិច្ចពិភាក្សាដាច់ដោយឡែកមួយ លោក ចូ និងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក អានតូញ៉ូ តាចានី (Antonio Tajani) ក៏បានសន្យាថានឹងខិតខំប្រឹងប្រែងរួមគ្នាចំពោះការឆ្លើយតបជាអន្តរជាតិសម្រាប់ «ការរួបរួម និងតឹងរឹង» ចំពោះបញ្ហា នានា៕