បរទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា លោក យូន ស៊ុកយុល (Yoon Suk Yeol) និងសមភាគីឡាតវី លោក អេដហ្គាស៍ រីនកេវីកស៍ (Edgars Rinkevics) បានរៀបចំកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជីវសាស្រ្ដ និងការពារជាតិ និងដោះស្រាយបញ្ហាសន្តិសុខរួមគ្នា។
ការិយាល័យបាននិយាយនៅក្នុងការចេញផ្សាយមួយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រីកភាពជាដៃគូនៅក្នុងវិស័យជីវសាស្ត្រ និងឱសថ ដោយលោក រីនកេវីកស៍ គូសបញ្ជាក់ថា ប្រទេសឡាតវី គឺជាច្រកយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលកំពុងស្វែងរកការចូលទៅក្នុងទីផ្សារអឺរ៉ុប។
លោក យូន បាននិយាយថា ប្រទេសកូរ៉េខាងត្បូងអាចជា «ដៃគូដែលអាចទុកចិត្តបាន» នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឡាតវី ក្នុងការពង្រឹងសមត្ថភាពការពាររបស់ខ្លួន ខណៈដែលលោក រីនកេវីកស៍ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសហការសម្រាប់ប្រព័ន្ធការពារដែនអាកាស និងបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក។
មេដឹកនាំទាំងពីរក៏បានចែករំលែកក្តីបារម្ភជុំវិញការគំរាមកំហែងកាន់តែខ្លាំងឡើងពីព័ត៌មានមិនពិត និងការវាយប្រហារតាមអ៊ីនធឺណិតដោយប្រើបញ្ញាសិប្បនិមិត្ត ហើយមេដឹកនាំទាំងពីរបានសន្យាចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធតាមរយៈមជ្ឈមណ្ឌលឧត្តមភាពទំនាក់ទំនងយុទ្ធសាស្ត្រណាតូដែលមានទីតាំងនៅប្រទេសឡាតវី។
ការិយាល័យបាននិយាយថា លោក យូន និងលោក រីនកេវីកស៍ បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» ជុំវិញការដាក់ពង្រាយទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ដោយហៅទង្វើនោះថា «ជាការគំរាមកំហែងដល់សន្តិសុខពិភពលោកលើសពីឧបទ្វីបកូរ៉េ និងសហភាពអឺរ៉ុប» ហើយបានយល់ព្រមសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ញើសារយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការផ្លាស់ប្តូរនេះ៕