Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង រំពឹងថានឹងជួបជាមួយបេសកជនពិសេសរបស់អ៊ុយក្រែន

កូរ៉េខាងត្បូង រំពឹងថានឹងជួបជាមួយបេសកជនពិសេសរបស់អ៊ុយក្រែន

0

បរទេស៖ ប្រភពដែលបានដឹងពីបញ្ហានេះបាននិយាយថាប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) ត្រូវបានគេរំពឹងថានឹងជួបជាមួយគណៈប្រតិភូអ៊ុយក្រែនដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក រូស្ទឹម យូមេរូវ (Rustem Umerov) ។

យោងតាមប្រភពបានឱ្យដឹងថា គណៈប្រតិភូអ៊ុយក្រែនដែលបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក គីម យ៉ុងយ៉ុន (Kim Yong-hyun) ឱ្យបានឆាប់បំផុតនៅថ្ងៃបន្ទាប់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក យូមេរូវ ត្រូវបានគេរំពឹងថានឹងចែករំលែកការស៊ើបការណ៍សម្ងាត់ស្តីពីការដាក់ពង្រាយកងទ័ពរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី និងស្វែងរកការគាំទ្រពីប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន។

ដំណើរទស្សនកិច្ចនេះកើតឡើងប្រហែលមួយខែ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានប្រកាសពីផែនការរបស់ទីក្រុងគៀវ ក្នុងការបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក យូន ។

លោក យូន បាននិយាយថា ប្រទេសកូរ៉េខាងត្បូងអាចពិចារណាផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន អាស្រ័យលើទំហំនៃកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ។

លោក ហ្សេលេនស្គី ធ្លាប់បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់របស់អ៊ុយក្រែនសម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងកាំភ្លើងធំ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អានដ្រី ស៊ីប៊ីហា (Andrii Sybiha) បានសម្តែងការរំពឹងទុកថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ុយក្រែនលើការចែករំលែកព័ត៌មានទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង៕

Previous articleមន្ត្រីសន្តិសុខកំពូលកូរ៉េខាងត្បូង និងលីទុយអានី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាកូរ៉េខាងជើង-រុស្ស៊ី
Next articleលោក ស៊ី ជីនពីង៖ ចិន​តែងតែ​គាំទ្រ​​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន