បរទេស៖ ការិយាល័យប្រធានាធិបតីបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិ លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានជួបជាមួយសមភាគីលីទុយអានី លោក កេសទូទីស ប៊ូដ្រីស៍ (Kestutis Budrys) ហើយបានពិភាក្សាអំពីការឆ្លើយតបសម្របសម្រួលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី។
ការិយាល័យបាននិយាយនៅក្នុងការចេញផ្សាយមួយថា មន្ត្រីសន្តិសុខកំពូលបានយល់ស្របថា ការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក ជាមួយនឹងផលប៉ះពាល់ឈានដល់ឧបទ្វីបកូរ៉េ និងសហភាពអឺរ៉ុប។
ភាគីទាំងពីរក៏បានប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីធានាថា សហគមន៍អន្តរជាតិផ្ញើសារដ៏រឹងមាំប្រឆាំងនឹងទំនាក់ទំនងយោធាដែលកំពុងកើនឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ៕