សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនឹងចាប់ផ្តើមនៅអាស៊ែរបៃហ្សង់

0

បរទេស៖ សន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩ (COP29) នឹងចាប់ផ្តើមនៅរដ្ឋធានីបាគូរបស់ប្រទេសអាស៊ែរបៃហ្សង់នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមផ្នែកអាកាសធាតុដែលមានការកើនឡើង។

បណ្តាមេដឹកនាំមកពីជុំវិញពិភពលោកគ្រោងនឹងជួបជុំគ្នានៅទីក្រុងបាគូសម្រាប់ព្រឹត្តិការណ៍នេះ ដោយដំណើរការរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា។ យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា «ជាមួយនឹងសីតុណ្ហភាពពិភពលោកដែលឡើងដល់កម្រិតខ្ពស់បំផុត និងព្រឹត្តិការណ៍អាកាសធាតុខ្លាំងដែលប៉ះពាល់ដល់មនុស្សជុំវិញពិភពលោក ព្រឹត្តិការណ៍ COP29 នឹងប្រមូលផ្តុំដោយមេដឹកនាំមកពីរដ្ឋាភិបាល ក្រុមហ៊ុនធុរកិច្ច និងសង្គមស៊ីវិល ដើម្បីឈានទៅរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាកំណត់នៃពេលវេលារបស់យើង»។

ការផ្តោតសំខាន់នៃព្រឹត្តិការណ៍ COP29 នឹងផ្តោតសំខាន់ទៅលើផ្នែកហិរញ្ញវត្ថុ ខណៈដែលទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិកត្រូវបានទាមទារសម្រាប់ប្រទេសនានា ដើម្បីកាត់បន្ថយឱ្យបានយ៉ាងច្រើននៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារអាយុជីវិត និងជីវភាពរស់នៅពីផលប៉ះពាល់កាន់តែអាក្រក់ទៅៗនៃការប្រែប្រួលអាកាសធាតុ។ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) គឺជាសន្ធិសញ្ញាពហុភាគីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ បន្ទាប់ពីរបាយការណ៍វាយតម្លៃដំបូងដោយក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC)។

គោលបំណងចម្បងរបស់វា គឺដើម្បីធ្វើឱ្យមានស្ថេរភាពកំហាប់ឧស្ម័នផ្ទះកញ្ចក់ដើម្បីការពារការជ្រៀតជ្រែកដែលបង្កដោយមនុស្សដែលមានគ្រោះថ្នាក់ដល់ប្រព័ន្ធអាកាសធាតុ។ ចាប់តាំងពីចូលជាធរមាននៅក្នុងឆ្នាំ១៩៩៤ មក អនុសញ្ញា UNFCCC បានដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចចរចាអំពីអាកាសធាតុពិភពលោក ដែលនាំឱ្យមានកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដូចជាពិធីសារក្យូតូ ក្នុងឆ្នាំ១៩៩៧ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងឆ្នាំ២០១៥ ជាដើម។ នៅថ្ងៃនេះ ភាគីចំនួន១៩៨ នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ដើម្បីវាយតម្លៃអំពីវឌ្ឍនភាព និងបង្កើតការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ៕