បរទេស៖ បេក្ខភាពប្រធានាធិបតីអាម៉េរិក និងជាអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានអំពាវនាវឱ្យគណបក្សប្រជាធិបតេយ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ហើយបានរំលឹកឡើងវិញថា លោកស្រីបានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណៈរដ្ឋចំពោះជ័យជំនះរបស់លោកនៅក្នុងការបោះឆ្នោត។
លោកស្រីបាននិយាយនៅក្នុងសុន្ទរកថាសាធារណៈមួយដែលបាននិយាយនៅឯសាកលវិទ្យាល័យ Howard ក្នុងទីក្រុងវ៉ាស៊ីនតោនថា «យើងត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ»។
លោកស្រី ហារីស ដែលបានបម្រើការងារជាអនុប្រធានាធិបតីអាម៉េរិកចាប់តាំងពីឆ្នាំ២០២១ មកនោះ បានបញ្ជាក់ថា «កាលពីព្រឹកថ្ងៃនេះ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ ហើយបានអបអរសាទរគាត់ចំពោះជ័យជំនះ។ ខ្ញុំក៏បានប្រាប់គាត់ផងដែរថា យើងនឹងជួយគាត់ និងក្រុមការងាររបស់គាត់ជាមួយនឹងការផ្លាស់ប្តូរ ហើយយើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។
លោកស្រីបាននិយាយទៅកាន់ទស្សនិកជននៅសកលវិទ្យាល័យ Howard ថា «លទ្ធផលនៃការបោះឆ្នោតនេះមិនមែនជាអ្វីដែលយើងចង់បានទេ មិនមែនជាអ្វីដែលយើងតស៊ូទេ មិនមែនជាអ្វីដែលយើងបោះឆ្នោតឱ្យនោះទេ ប៉ុន្តពន្លឺនៃការសន្យារបស់អាម៉េរិកនឹងតែងតែភ្លឺដរាបណាយើងមិនបោះបង់»៕