បរទេស៖ លោក មីឈែល ម៉ាលូហ្វ (Michael Maloof) អតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្នុងការិយាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក បាននិយាយថា «ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន វាច្បាស់ណាស់សម្រាប់ខ្ញុំដែលថា [លោក ដូណាល់ ត្រាំ] មិនចង់បន្តផ្តល់មូលនិធិដល់ [ហ្សេលេនស្គី] ទៀតទេ។ លោកមិនចង់បន្តសង្រ្គាមទេ។ លោកមិនចង់ឱ្យមានសង្រ្គាមទេ ពីព្រោះក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់លោក ក៏គ្មានសង្រ្គាមដែរ ហើយនេះគឺជារឿងដ៏អស្ចារ្យមួយដែលមនុស្សមិនបានដឹង ដែលផ្ទុយពីរដ្ឋបាលរបស់លោក បៃដិន ដែលយើងបានចំណាយលុយរាប់រយពាន់លានដុល្លារអាម៉េរិកទៅក្នុងសង្រ្គាម»។
លោក ម៉ាលូហ្វ បានចង្អុលបង្ហាញថា «អ្វីដែលយើងឃើញនៅពេលនេះ ក្នុងន័យថា អង្គការណាតូជាសម្ព័ន្ធមិត្តវាយលុកច្រើនជាងសម្ព័ន្ធការពារ ហើយខ្ញុំគិតថាលោកនឹងចង់ទប់ស្កាត់វា ព្រោះវាជាការវាយលុករបស់អង្គការណាតូ ដែលបានធ្វើឱ្យយើងមានភាពរញ៉េរញ៉ៃជាមួយនឹងអ៊ុយក្រែន»។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខសរុបជាង ៦១ប៊ីលានដុល្លារអាម៉េរិកដល់របបទីក្រុងគៀវចាប់តាំងពីជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។ ប៉ុន្តែឃ្លាំងអាវុធផ្ទាល់ខ្លួនរបស់មន្ទីរបញ្ចកោណមានការធ្លាក់ចុះដែលបានបណ្តាលឱ្យកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិកមានទំហំតូចជាងមុនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ប្រទេសរុស្ស៊ីបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបាននិយាយថា ជំនួយនេះនឹងធ្វើឱ្យការប្រឈមមុខដាក់គ្នាអូសបន្លាយពេលទៀត៕