ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកដែលអាចកើតចេញពីការប្រែប្រួលអាកាសធាតុជាសកល ក្នុងនោះ ធនាគារជាតិនៃកម្ពុជាបានចូលរួមក្នុងគំនិតផ្តួចផ្តើមនៃការអនុវត្តហិរញ្ញប្បទានបៃតង រួមមានដូចជា ការគាំទ្រលើការដាក់ចេញនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ការរៀបចំសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងបរិស្ថាន រួមទាំងសមាគមធនាគារនៅកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងបង្កើតគំនិតផ្តួចផ្តើមសម្រាប់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពទៅលើហិរញ្ញវត្ថុប្រកបដោយចីរភាព និងការការពារហានិភ័យដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងពិធីលៀងសាយភោជននៃអង្គសន្និសីទមីក្រូហិរញ្ញវត្ថុកម្ពុជាប្រចាំឆ្នាំ២០២៤ ស្តីពី និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ «បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» នៅមជ្ឈ មណ្ឌលសន្និបាត និងសណ្ឋាគារ សុខាសៀមរាបនាល្ងាចថ្ងៃចន្ទកន្លងទៅនេះ។
ឯកឧត្តមទេសាភិបាលរងបន្តថា ធនាគារជាតិនៃកម្ពុជា បាន និងកំពុងគាំទ្រចំពោះការរីកចម្រើនបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត ឬ AI ដោយហេតុថា បច្ចេកវិទ្យាទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាព និងប្រតិបត្តិការរបស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏សម្បូរបែបទាំងនេះ បច្ចេកវិទ្យាក៏បានពាំនាំនូវហានិភ័យមួយចំនួន រួមមាន៖ ហានិភ័យបច្ចេកវិទ្យា ហានិភ័យក្រមសីលធម៌ ដូចជា ការចែករំលែកព័ត៌មានមិនពិត ឬការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើផលទុច្ចរិត ដែលមានការឆបោកតាមប្រព័ន្ធអនឡាញ ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាដើម។
ទាក់ទងនឹងអ្វីដែលឯកឧត្តម ស៊ុំ សន្និសិទ្ធ បានលើកឡើង កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំពង្រឹងសមត្ថភាពបច្ចេកវិទ្យានានា ដើម្បីធានាបាននូវប្រព័ន្ធមីក្រូហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងអាចគ្រប់គ្រងបាន។ ម្យ៉ាងទៀត សមាគមមីក្រូហិរញ្ញវត្ថុបានសហការជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់កុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីសម្អាតប្រាក់គ្រប់ទម្រង់ និងប្រព្រឹត្តបទល្មើសផ្សេងៗ។
ឯកឧត្តមទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ផងដែរថា តាមរយៈអង្គសន្និសីទប្រចាំឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលការងារជាច្រើន ដែលសមាគមបាន និងកំពុងអនុវត្ត រួមមាន៖ ការចែករំលែកព័ត៌មាន និងបទពិសោធ កិច្ចពិភាក្សាគ្នាក្នុងការកំណត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សំដៅពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់គ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ ការបង្កើតយន្តការដោះស្រាយបណ្តឹង ការលើកកម្ពស់កិច្ចការពារអតិថិជន ការសម្រប ទៅនឹងបច្ចេកវិទ្យាថ្មីៗ ប្រកបដោយនវានុវត្តន៍ ការរៀបចំទិសដៅរួមសម្រាប់អនុវត្តនាឆ្នាំខាងមុខ ជាពិសេសការពង្រឹងសាមគ្គីភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕