បរទេស៖ ការស្ទង់មតិជាតិចុងក្រោយរបស់សារព័ត៌មាន NBC News សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤ បានបង្ហាញថា អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) គឺមានភាពស្មើគ្នា។ បេក្ខភាពទាំងពីរត្រូវបានគាំទ្រដោយសំឡេង ៤៩% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះហើយស្មើគ្នា ហើយនៅសល់តែ ២% ប៉ុណ្ណោះដែលមិនទាន់សម្រេចចិត្ត។ សារព័ត៌មាន NBC បានចង្អុលបង្ហាញថា ការគាំទ្រសម្រាប់លោកស្រី ហារីស គឺផ្អែកលើការកើនឡើងនូវភាពសាទររបស់គណបក្សប្រជាធិបតេយ្យ ដែលនាំមុខលោក ត្រាំ ចំនួន ២០ពិន្ទុ ទៅលើបញ្ហានៃការរំលូតកូន និងអត្ថប្រយោជន៍សម្រាប់លោកស្រី ហារីស ដែលជាបេក្ខភាពល្អសម្រាប់ពលរដ្ឋវណ្ណៈកណ្តាល។ យោងតាមសារព័ត៌មាននោះ បានឱ្យដឹងថា លោក ត្រាំ ត្រូវបានគាំទ្រដោយសំឡេងពីរភាគបីនៃអ្នកបោះឆ្នោតដែលជឿជាក់ថា ប្រទេសជាតិកំពុងត្រូវបានដឹកនាំក្នុងទិសដៅខុស ដែលជាការវាយតម្លៃដ៏មានអំណោយផលសម្រាប់តំណែងប្រធានាធិបតីរបស់លោក ត្រាំ។ ជាពិសេសបើប្រៀបធៀបទៅនឹងការអនុវត្តបច្ចុប្បន្នរបស់លោកប្រធានាធិបតី ចូ បៃដិន និងអត្ថប្រយោជន៍របស់លោក ត្រាំ ចំពោះបញ្ហាសេដ្ឋកិច្ច និងតម្លៃនៃការរស់នៅ។ ការស្ទង់មតិនោះត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតចំនួន ១.០០០នាក់ ដែលភាគច្រើននៃពួកគេបានទាក់ទងតាមទូរស័ព្ទ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកានេះ។
គណបក្សប្រជាធិបតេយ្យត្រូវបានគេរំពឹងថានឹងត្រូវបានតំណាងដោយប្រធានាធិបតីអាម៉េរិកនាពេលបច្ចុប្បន្ន គឺលោក ចូ បៃដិន។ ប៉ុន្តែ បន្ទាប់ពីការជជែកដេញដោលមិនល្អរបស់លោកកាលពីខែមិថុនាជាមួយអតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លោកបានជ្រើសរើសការដកខ្លួនចេញពីការប្រជែងនេះ ហើយបានគាំទ្រអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស។ ក្រោយមក លោកស្រីត្រូវបានតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នៅឯសន្និបាតជាតិរបស់គណបក្សនេះងទីក្រុងឈីកាហ្គោ Chicago៕