បរទេស៖ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេប បូរែល (Josep Borrell) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងពិភាក្សាអំពីវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិរបស់សហភាពអឺរ៉ុបជាមួយកូរ៉េខាងត្បូង។ លោក បូរែល ដែលជាអ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានសរសេរដូច្នេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច (X) នៅមុនថ្ងៃដែលលោកបានទៅដល់ទីក្រុងសេអ៊ូល ដើម្បីធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ តេយុល (Cho Tae-yul)។
លោក បូរែល បានសរសេរថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានក្លាយជាដៃគូកាន់តែជិតស្និទ្ធ និងធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងភាពជាដៃគូឌីជីថល បៃតង និងសុខភាព» ដោយលោកបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក គឺសំដៅយកកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិទៅកាន់កម្រិតបន្ទាប់។ ការពិភាក្សាទំនងជានឹងដោះស្រាយនូវកង្វល់រួមគ្នាជុំវិញការបញ្ជូនទ័ពរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីដើម្បីគាំទ្រដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងការឆ្លើយតបរួមគ្នារបស់ពួកគេ។ កាលពីសប្តាហ៍មុន លោក បូរែល បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ដោយបានហៅដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់ទីក្រុងសេអ៊ូលថា ជាឱកាសទាន់ពេលវេលា និងសំខាន់ ដើម្បីពិភាក្សាអំពីការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ។
ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោក បូរែល ក៏នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក គីម យ៉ុងយុន (Kim Yong-hyun) និងទៅទស្សនាតំបន់សន្តិសុខរួមនៅក្នុងតំបន់គ្មានយោធាដែលបំបែកប្រទេសកូរ៉េទាំងពីរផងដែរ៕