បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អានដ្រេយ រូដេនកូ (Andrey Rudenko) នៅទីក្រុងប៉េកាំង។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោរវាងប្រទេសចិន និងរុស្ស៊ី គឺផ្អែកលើតក្កវិជ្ជានៃប្រវត្តិសាស្ត្រ និងជំរុញដោយសក្ដានុពលផ្ទៃក្នុងដ៏រឹងមាំ មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណានោះទេ។
លោក វ៉ាង បាននិយាយថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ីបានរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍដ៏រឹងមាំ ដែលបម្រើផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ និងអនុញ្ញាតឱ្យភាគីទាំងពីរធ្វើការរួមគ្នា ដើម្បីការពារគោលបំណង និងគោលការណ៍របស់អង្គការសហប្រជាជាតិ។
លោកបានជំរុញឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងការផ្លាស់ប្តូរនៅគ្រប់កម្រិត ព្រមទាំងអនុវត្តន៍ការឯកភាពដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន។
លោក រូដេនកូ បាននិយាយថា ប្រមុខការទូតរបស់រដ្ឋបានដាក់មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក រូដេនកូ បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិនក្នុងការអនុវត្តន៍យ៉ាងស្មោះស្ម័គ្រនូវការរៀបចំដែលធ្វើឡើងដោយប្រមុខរដ្ឋទាំងពីរ រក្សាការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បន្តរក្សាការសម្របសម្រួលលើកិច្ចការអន្តរជាតិ និងតំបន់ និងជំរុញការអភិវឌ្ឍថ្មីនៃទំនាក់ទំនងរុស្ស៊ី-ចិន៕