កងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ធ្វើដំណើរឆ្ពោះទៅកាន់សមរភូមិជួរមុខជាមួយអ៊ុយក្រែន

0

បរទេស៖ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា កងទាហានកូរ៉េខាងជើងមួយចំនួនដែលដាក់ពង្រាយនៅក្នុងប្រទេសរុស្ស៊ី ហាក់ដូចជាបាននិងកំពុងផ្លាស់ទីទៅកាន់សមរភូមិជួរមុខជាមួយអ៊ុយក្រែន។

សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) បាននិយាយថា ជាថ្នូរនឹងការគាំទ្រផ្នែកយោធា ទីក្រុងព្យុងយ៉ាងកំពុងទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យាពីទីក្រុងម៉ូស្គូសម្រាប់គម្រោងផ្កាយរណបរបស់ខ្លួន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងម៉ូស្គូ។

សេវា NIS បានចែករំលែកព័ត៌មាននេះជាមួយសមាជិកសភាក្នុងអំឡុងពេលធ្វើសវនកម្មសភាបិទទ្វារមួយ។ នេះបើយោងតាមអ្នកតំណាងលោក លី សឹងវុន (Lee Seong-kweun) មកពីគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច និងលោកស្រី ផាក ស៊ុនវ៉ុន (Park Sun-won) មកពីគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូង និងជាមេដឹកនាំនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា។

សេវា NIS ត្រូវបានដកស្រង់សម្តីដោយសមាជិកសភាថា «ការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីកំពុងតែដំណើរការ។ យើងកំពុងបញ្ជាក់អំពីលទ្ធភាពដែលកងទ័ពមួយចំនួន រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ បាននិងកំពុងផ្លាស់ទីទៅកាន់សមរភូមិជួរមុខ»។

តាមការប៉ាន់ប្រមាណបានឱ្យដឹងថា យ៉ាងហោចណាស់កងទាហានកូរ៉េខាងជើងចំនួន ៣.០០០នាក់ ដែលភាគច្រើនស្ថិតក្នុងវ័យជំទង់ និងអាយុខ្ទង់ ២០ឆ្នាំ កំពុងស្ថិតនៅក្នុងតំបន់ជួរមុខនៃទីក្រុងឃឺសរបស់ប្រទេសរុស្ស៊ី ប៉ុន្តែវាកំពុងធ្វើការជាមួយអ៊ុយក្រែនដើម្បីកំណត់ចំនួនឱ្យបានពិតប្រាកដ។

ទីភ្នាក់ងារនេះក៏បានព្យាករណ៍ផងដែរថា កូរ៉េខាងជើងទំនងជានឹងដាក់ពង្រាយកងទាហានប្រហែល ១០.៩០០នាក់ជាសរុបនៅត្រឹមខែធ្នូ។

យោងតាមសេវា NIS បានឱ្យដឹងថា យោធារុស្ស៊ីកំពុងបង្រៀនពាក្យបច្ចេកទេសយោធានៅក្នុងប្រទេសរុស្ស៊ីជាង ១០០ពាក្សដល់កងទាហានកូរ៉េខាងជើង ប៉ុន្តែឧបសគ្គភាសារវាងកងទាហានដែលនិយាយភាសារុស្សី និងទាហាននិយាយកូរ៉េខាងជើងកំពុងបង្កបញ្ហាប្រឈម៕