រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ុយក្រែន លោក រូស្តេម យូមេរ៉ូវ (Rustem Umerov) បាននិយាយថា ការចំណាយផ្នែកយោធារបស់អ៊ុយក្រែនមានលើសពី ១៥០ប៊ីលានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ទីក្រុងគៀវ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍រ៉ាដារបស់អ៊ុយក្រែនថា «យើងចំណាយថវិកាប្រមាណជាង ១៥០ប៊ីលានដុល្លារអាម៉េរិក ដែលបានមកពីដៃគូ និងថវិការបស់យើង។ យើងត្រូវការថវិកាបន្ថែមទៀត បន្ទាប់មកសមត្ថភាពរបស់យើងនឹងរីកចម្រើនយ៉ាងខ្លាំង។ យើងនឹងត្រូវការការវិនិយោគ»។ រដ្ឋមន្ត្រីរូបនោះមិនបានបញ្ជាក់ថា ការចំណាយនោះត្រូវបានប្រើប្រាស់សម្រាប់រយៈពេលប៉ុន្មានឱ្យបានច្បាស់លាស់នោះទេ។
នៅពេលមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) បានចុះហត្ថលេខាលើច្បាប់ស្តីពីការបម្រុងថវិកាបន្ថែមចំនួន ១២ប៊ីលានដុល្លារអាម៉េរិកសម្រាប់តម្រូវការផ្នែកយោធានៅក្នុងឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្មីហ្កាល់ (Denis Shmygal) បានប្រកាសថា រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងថវិការដ្ឋសម្រាប់ឆ្នាំក្រោយ ជាមួយនឹងឱនភាពចំនួន ១,៦ទ្រីពាន់លានរីវនៀស (៣៨,៦ប៊ីលានដុល្លារអាម៉េរិក)។ ប្រាក់ចំណូលត្រូវបានគេរំពឹងថានឹងមានចំនួន ២ទ្រីលានរីវនៀស (ប្រហែល ៤៨ប៊ីលានដុល្លារអាម៉េរិក) ហើយការចំណាយថវិកាត្រូវបានគ្រោងទុកចំនួន ៣,៦ទ្រីលានរីវនៀស (៨៧ប៊ីលានដុល្លារអាម៉េរិក)។
ប្រមុខរដ្ឋាភិបាលបានកត់សម្គាល់ថា ធនធានក្នុងស្រុកទាំងអស់នឹងត្រូវបានដឹកនាំម្តងទៀតឆ្ពោះទៅរកការការពារ និងសន្តិសុខ។ យោងតាមរូបលោកបានឱ្យដឹងថា ការចំណាយលើវិស័យការពារជាតិនឹងកើនឡើងដល់យ៉ាងហោចណាស់ ២,២២ទ្រីលានរីវនៀស (៥៣,៦ប៊ីលានដុល្លារអាម៉េរិក)៕