រដ្ឋមន្ត្រីបីក្រសួងអញ្ជើញធ្វើទស្សនកិច្ចសិក្សាអន្តរក្រសួងទៅកាន់ខេត្តតាកែវ និងខេត្តកំពត

0

រដ្ឋមន្រ្តីចំនួនបីក្រសួង ក្នុងនោះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធន​ធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទ បានអញ្ជើញធ្វើ​ទស្សនកិច្ច​សិក្សាអន្តរក្រសួង ដើម្បីចុះ​ពិនិត្យវាយតម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមាន​សក្ដានុពល​ឱ្យ​ស្របតាមលក្ខខណ្ឌវិ​និច្ឆ័យដែលបានបង្កើតឡើង មុនពេល ឈានទៅបង្កើតផែនការសកម្មភាពរួមគ្នា សំដៅបង្កើន​ប្រសិទ្ធភាព និងសហថាមពល លើកកម្ពស់ និងកែលម្អជីវភាព​សហគមន៍តាមមូលដ្ឋាន។

ក្នុងសកម្មភាពពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​ទាំងបី បានអញ្ជើញជួប​ជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះ​សំណាញ់ត្រាំកក់ ក្នុងភូមិសាស្ត្រភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងចុះពិនិត្យទីតាំងអាងទឹកអូររំដួល​ដែលមាន​សភាពគោករាក់និងអាចស្ដុកទឹកបានត្រឹមតែប្រមាណ១០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ និងបន្តចុះពិនិត្យទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

គប្បីជម្រាបជូនថា សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ មានសមាជិកផ្លូវការចំនួន ១៥១គ្រួសារ និងមាន​ផ្ទៃដី​ផលិតកម្មបន្លែចំនួន ៥ហិកតា ដែលមានដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងខាត់ណាដើម ព្រមទាំងមានសមត្ថភាព​ផលិតបន្លែ ៣តោនក្នុងមួយថ្ងៃ។

ប្រភពក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថា ទំនប់អាងទឹក​ស្ទឹងភេ ស្ថិតក្នុងខេត្តកំពត មានចម្ងាយប្រមាណ ១០០គីឡូ​ម៉ែត្រ​ភាគនិរតីនៃរាជធានីភ្នំពេញ មានទំនប់​ប្រវែង ៤ ៥០០ម៉ែត្រ និងមានតួនាទីទទួលយកទឹកពីប្រភពទឹកជ្រោះភ្នំដំរី ជ្រោះ​អន្លង់វង់ ជួរភ្នំលះបង់ តាមរយ:ស្ទឹងភេ និងផ្ទៃរងទឹកភ្លៀងតាមជួរភ្នំខាងលើមក​ធ្វើការ​ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវ​រដូវវស្សា ស្រូវរដូវប្រាំង ដំណាំរួមផ្សំ សរុបប្រមាណ ១២៥០ហិកតា និងសម្រាប់​ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋប្រមាណ ២ ៨០៧គ្រួសារ។

ជាការកត់សម្គាល់ដំណើរទស្សនកិច្ចសិក្សាអន្តរក្រសួងនាពេលនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី២ នៅទីស្ដីការ​ក្រសួង​ធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិង​សកម្មភាព​ដែល​ពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករ​ប្រើប្រាស់ទឹក និងភូមិគំរូ ហើយដែលជាលទ្ធផលនៃកិច្ច​ប្រជុំបាន​ព្រមព្រៀងជាគោលការណ៍លើបីចំណុចគឺ ៖ទី១)រៀបចំលេខាធិការ​ដ្ឋានក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងលក្ខខណ្ឌការងារ, ទី២)ឯកភាពលើលក្ខខណ្ឌវិនិច្ឆ័យរួមសម្រាប់ការកំណត់ទីតាំងក្នុងការចុះអនុវត្តការងាររួមគ្នា ក៏ដូចជាជំហាន​បន្ទាប់ ដែលបានស្នើឡើង​ដោយក្រុមការងារត្រីវិស័យ(កសិកម្ម-ទឹក-ជនបទ) និងទី៣)ចុះធ្វើការ​វាយ​តម្លៃបឋមលើទីតាំងមួយចំនួន ដើម្បីជ្រើសរើសទីតាំងមាន​សក្តានុពលឱ្យស្របតាមលក្ខខណ្ឌវិនិច្ឆ័យដែលបានបង្កើតឡើង មុននឹងឈានទៅបង្កើតផែនការ​សកម្មភាពរួមគ្នា៕