ឡាវ ថៃ និងមីយ៉ាន់ម៉ា រងគ្រោះដោយព្យុះទីហ្វុងយ៉ាគី

0

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសឡាវ បានចេញការព្រមានអំពីគ្រោះទឹកជំនន់ ខណៈដែលទន្លេមេគង្គ និងដៃទន្លេសំខាន់ៗរបស់វាបានបន្តកើនឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ បានរាយការណ៍ថា កម្រិតទឹកទន្លេមេគង្គក្នុងខេត្តហ្លួងព្រះបាងបានឡើងដល់ ១៩,០២ម៉ែត្រកាលពីថ្ងៃទី១២ ខែកញ្ញា ដែលលើសកម្រិតគ្រោះថ្នាក់ដែលបានកំណត់ចំនួន ១៨,០០ម៉ែត្រ។ ការព្រមានអំពីជំនន់ទឹកភ្លៀងក៏ត្រូវបានចេញផ្សាយផងដែរសម្រាប់ខេត្តឧត្ដមសាយ សាយយ៉ាបូរី និងស្រុកប៉ាក់សាន។ អាជ្ញាធរក្នុងតំបន់បានជំរុញប្រជាជននៅតំបន់ទំនាបឱ្យផ្លាស់ទីរបស់របរទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន ដោយសារភាគខាងជើងប្រទេសឡាវកំពុងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាគី (Yagi)។

ទន្ទឹមនឹងនេះដែរ ការិយាល័យធនធានទឹកជាតិរបស់ប្រទេសថៃ បានព្រមានដល់ខេត្តចំនួន៣៦ ដែលរួមមានទាំងរាជធានីបាងកកផងដែរ អំពីហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ។ កងកម្លាំងយោធាត្រូវបានដាក់ពង្រាយនៅក្នុងខេត្តឈៀងរ៉ៃ ដើម្បីជួយដល់ប្រជាជនរាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ចាប់តាំងពីពាក់កណ្តាលខែសីហាមក មនុស្សចំនួន ៣៣នាក់បានស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរ រួមទាំងអ្នកស្លាប់ចំនួន ៩នាក់ទៀតដែលជាប់ទាក់ទងនឹងព្យុះទីហ្វុងយ៉ាគីនៅក្នុងសប្តាហ៍នេះ។ ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សរាប់រយនាក់នៅក្នុងខេត្តឈៀងរ៉ៃដោយប្រើទូក និងឧទ្ធម្ភាគចក្រ។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ភាគកណ្តាល។ យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់នៅក្នុងទីក្រុងយ៉ាមេធីន ទីក្រុងម៉ាន់ដាឡាយ ដោយសារតែភ្លៀងមូសុង និងឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាគី។

ព្យុះទីហ្វុងយ៉ាគី គឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុតដែលវាយលុកតំបន់អាស៊ីក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅទូទាំងតំបន់៕