ការស្ថាបនាលូប្រអប់ផ្លូវជាតិលេខ៤ និងជញ្ជាំងបេតុងប្រឡាយបារាំងផ្លូវមហាវិថីស៊ីជីនពីង សម្រាប់ការពាររំដោះទឹកជន់លិចរាជធានីភ្នំពេញ សម្រេចបាន១០ភាគរយហើយ

0

គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ការដ្ឋាន​ដាក់​លូ​ប្រអប់​ទំហំ​៤​ម៉ែត្រ​x២​ម៉ែត្រ នៅ​ផ្លូវជាតិ​លេខ​៤ ប្រវែង​៥៦៥០​ម៉ែត្រ និង​គម្រោង​ស្ថាបនា​ជញ្ជាំង​បេតុង​ប្រឡាយ​បារាំង នៅ​ផ្លូវ​មហាវិថី​ស៊ីជី​ន ពីង គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្រេច​បាន​ជាង​១០​ភាគរយ​ហើយ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​ថា ការដ្ឋាន​ដាក់​លូ​ប្រអប់​ទំហំ​៤​ម៉ែត្រ​x ២​ម៉ែត្រ នៅ​ផ្លូវជាតិ​លេខ​៤ ប្រវែង​៥៦៥០​ម៉ែត្រ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​គម្រោង​ស្ថាបនា​ជញ្ជាំង​បេតុង​នៃ​ប្រឡាយ​បារាំង ចាប់ពី​ផ្លូវ​មហាវិថី​ស៊ី ជី​ន​ពីង ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ជា​គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃនេះ ស្ថាបនា​បាន​ជាង​១០​ភាគរយ​ហើយ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ដ​ថា ការដ្ឋាន​ដាក់​លូ​ប្រអប់​ខ្នាត​ធំ​ទំហំ​៤​ម៉ែត្រ​x២​ម៉ែត្រ នៅ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​មហាវិថី ស៊ី ជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្លងកាត់​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ដល់​ព្រំប្រទល់​ស្រុក​អង្គស្នួល ខេត្តកណ្ដាល អាច​រំដោះ​ទឹក​ក្នុង​ខណ្ឌ​កំ​បូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ការ​ដាក់​លូ​ប្រអប់​ខ្នាត​ធំ​នេះ ជា​ការដ្ឋាន​មួយ​ស្ថិត​ក្នុង​គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រ​ព័​ន្ឋ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ គម្រោង​នេះ​សម្រេច​ដាក់​លូ​បាន​ប្រវែង​៦២៤​ម៉ែត្រ​។

ដោយឡែក ការ​ស្ថាបនា​ជញ្ជាំង​បេតុង​នៃ​ប្រឡាយ​បារាំង ចាប់ពី​ផ្លូវ​មហាវិថី​ស៊ីជី​ន​ពីង (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​ក្នុង​គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​នោះ គិត​ត្រឹម​ថ្ងៃនេះ ការដ្ឋាន​សម្រេច​លទ្ធផល​បាន​ប្រវែង​៣២០​ម៉ែត្រ​។ គម្រោង​នេះ​នឹង​កាត់​បន្ថយ​បាន​នូវ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​នៅ​តំបន់​ខាងត្បូង និង​ខាងកើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សូម​បញ្ជាក់​ថា ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣​របស់​រាជធានី​ភ្នំពេញ​ត្រូវ​ប្រសិទ្ធ​នាម​ឈ្មោះ​ផ្លូវ​ជា​មហាវិថី​ស៊ី ជី​ន​ពីង កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕