បរទេស៖ យោងតាមអគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ លោក ឆៃវ៉ាត់ ជុនទីរ៉ាពង្ស (Chaiwat Chuntirapong) បានឱ្យដឹងថា គ្រោះទឹកជំនន់បានបន្តវាយប្រហារខេត្តភាគខាងជើងចំនួនបួនរបស់ប្រទេសថៃ ដែលរួមមានខេត្តឈៀងរ៉ៃ ខេត្តភីតសានុលោក ខេត្តសុខោទ័យ និងខេត្តណុងខៃ កាលពីថ្ងៃទី១ ខែកញ្ញា។
លោកបាននិយាយថា ទឹកជន់លិចបានមកពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៩៧៩គ្រួសារនៅក្នុងភូមិចំនួន២២៣ ក្នុងតំបន់ ដោយលោកបាននិយាយបន្ថែមថា កម្រិតទឹកជំនន់បានធ្លាក់ចុះនៅក្នុងខេត្តឈៀងរ៉ៃ ខេត្តសុខោទ័យ និងខេត្តណងខៃ ប៉ុន្តែមានការកើនឡើងនៅក្នុងខេត្តភីតសានុលោក។
ទន្ទឹមនឹងនេះដែរ សាខារបស់មន្ទីរនៅក្នុងខេត្តឈៀងម៉ៃបានរាយការណ៍ថា ទឹកហូរពីភ្នំដយម៉ុនឆាម (Doi Moncham) បានវាយប្រហារភូមិចំនួន៧ នៅក្នុងស្រុកមែរីម កាលពីថ្ងៃទី៣១ ខែសីហា។
ប្រជាជន និងភ្ញៀវទេសចរត្រូវបានជម្លៀសចេញពីកន្លែងស្នាក់នៅក្នុងរយៈពេលខ្លី។ ចាប់តាំងពីថ្ងៃទី១៦ ខែសីហា គ្រោះទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួន២៣ ព្រមទាំងបានសម្លាប់មនុស្សចំនួន ២២នាក់ និង ១៩នាក់ផ្សេងទៀតរងរបួស៕