បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S Jaishankar) បានពិភាក្សាជាមួយសមភាគីនេប៉ាល់ លោកស្រី អាហ្ស៊ូ រ៉ាណា ដឺបា (Arzu Rana Deuba) កាលពីថ្ងៃចន្ទ ហើយបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យពាណិជ្ជកម្ម ថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសបានកត់សម្គាល់ថា ប្រទេសនេប៉ាល់នឹងនាំចេញថាមពលអគ្គិសនីប្រហែល ១.០០០មេហ្គាវ៉ាត់ទៅកាន់ប្រទេសឥណ្ឌា ហើយបានសង្កត់ធ្ងន់ទៅលើភាពជាប្រទេសជិតខាងល្អរបស់ឥណ្ឌា ដើម្បីបង្កើនទំនាក់ទំនងរវាងទីក្រុងញូវដេលី និងទីក្រុងកាតាម៉ាន់ឌូ បន្ថែមទៀត។
ថ្លែងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច (X) លោក ចៃស្សាន់ការ បាននិយាយថា «លោករីករាយក្នុងការស្វាគមន៍រដ្ឋមន្រ្តីការបរទេសនេប៉ាល់ លោកស្រី អាហ្ស៊ូ រ៉ាណា ដឺបា របស់ប្រទេសនេប៉ាល់ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅបរទេស ដោយបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពហុភាគីរវាងឥណ្ឌា-នេប៉ាល់ រួមទាំងវិស័យថាមពល ពាណិជ្ជកម្ម ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម»។
លោកបាននិយាយបន្ថែមថា «ប្រទេសនេប៉ាល់នឹងនាំចេញថាមពលប្រមាណជិត ១.០០០មេហ្គាវ៉ាត់ទៅប្រទេសឥណ្ឌា ដែលជាព្រឹត្តិការណ៍ថ្មីមួយ។ គោលនយោបាយប្រទេសជិតខាងល្អរបស់យើង និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងវប្បធម៌តែមួយគត់ នឹងជួយជំរុញទំនាក់ទំនងរបស់យើងទៅមុខបន្ថែមទៀត»។ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោកស្រី អាហ្ស៊ូ រ៉ាណា ដឺបា បានទៅដល់ទីក្រុងញូវដេលីកាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលប្រាំថ្ងៃនៅប្រទេសឥណ្ឌា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ៕