បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកជឿជាក់ថាបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបនៅតែអាចធ្វើទៅបាន។
លោក បៃដិន បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាកំពុងដំណើរការនៅឡើយ។ យើងមិនបោះបង់ទេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) បានទៅដល់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សា។
នេះជាដំណើរទស្សនកិច្ចលើកទី៩ របស់លោកទៅកាន់តំបន់នោះ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។ អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ហើយមនុស្សប្រហែល ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ក្រៅពីការសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០.០០០នាក់ចាប់តាំងពីពេលនោះមក យុទ្ធនាការយោធារបស់អ៊ីស្រាអែលបានប្រែក្លាយតំបន់ជាច្រើនដែលមានប្រជាជនចំនួន ២,៣លាននាក់រស់នៅនោះក្លាយជាតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ដែលធ្វើឱ្យជនស៊ីវិលភាគច្រើនគ្មានផ្ទះសម្បែង និងប្រឈមនឹងគ្រោះទុរ្ភិក្ស។
ក្រុមហាម៉ាស់ និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀតបានទាមទារឱ្យអ៊ីស្រាអែលប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាពីមុនដោយផ្អែកលើសំណើដែលគាំទ្រដោយលោក បៃដិន និងបង្កើតយន្តការសម្រាប់ការអនុវត្តរបស់ខ្លួនជាជាងបន្តកិច្ចចរចា ខណៈដែលការវាយប្រហារនៅតែបន្ត៕