បរទេស៖ មនុស្សទាំង៥នាក់នៅលើឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវគេបញ្ជាក់ថាបានស្លាប់ទាំងអស់ ក្រោយពីហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលទៅក្នុងជ្រលងភ្នំភាគពាយ័ព្យនៃរដ្ឋធានីនេប៉ាល់កាលពីថ្ងៃពុធនេះ។ លោក Krishna Prasad Humagai អ្នកគ្រប់គ្រងរដ្ឋាបាលនៃស្រុក Nuwakot បាននិយាយថាសពបុរស៤នាក់ និងស្ត្រីម្នាក់ត្រូវបានគេទាញចេញពីបំណែកឧទ្ធម្ភាគចក្រនោះហើយ។ មន្ត្រីដដែលរូបនេះបាននិយាយទៀតថា ក្រុមអ្នកជួយសង្គ្រោះ ប៉ូលិស និងកងទ័ពបានទៅដល់តំបន់ធ្លាក់នោះ ហើយឧទ្ធម្ភាគចក្រជួយសង្គ្រោះពីរគ្រឿងក៏ត្រូវបានបញ្ជូនមកជួយក្នុងប្រតិបត្តិការនេះផងដែរ ប៉ុន្តែមិនអាចសង្គ្រោះជីវិតពួកគេបានទេ។
ទីតាំងដែលធ្លាក់ឧទ្ធម្ភាគចក្រនេះស្ថិតក្នុងតំបន់ Suryachaur នាភាគពាយ័ព្យនៃក្រុង Kathmandu នៅលើភ្នំដែលគ្របដណ្តប់ដោយព្រៃក្រាស់ក្រែល។ សូមបញ្ជាក់ថាឧទ្ធម្ភាគចក្របានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Kathmandu នៅវេលាម៉ោង ១:៥៤នាទីរសៀល ម៉ោងក្នុងស្រុក ហើយបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Syaprubeshi ។
ឧទ្ធម្ភាគចក្រប្រភេទ Eurocopter AS350 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Air Dynasty ដែលមានមូលដ្ឋាននៅប្រទេសនេប៉ាល់ បានបាត់ទំនាក់ទំនងងជាមួយប៉មបញ្ជារត្រឹមតែបីនាទីបន្ទាប់ពីវាបានហោះឡើងលើអាកាស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់។ បន្តមកមន្ត្រីបាននិយាយថាអ្នកដំណើរ៤នាក់ ជាជនជាតិចិន ហើយអ្នកបើកយន្តហោះជាបុរសជនជាតិនេប៉ាល់។ ឧបទ្ទវហេតុដ៏អាក្រក់នេះ ហាក់កើតឡើងផ្ទួនៗនៅនេប៉ាល់បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៃករណីយន្តហោះមួយគ្រឿងដែរ ដែលបានដឹកអ្នកដំណើរបានធ្លាក់ចុះបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Kathmandu ដូចគ្នាដោយបានសម្លាប់មនុស្ស១៨នាក់ និងរបួសអ្នកបើកបរយន្តហោះម្នាក់ ដែលជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់៕