មន្ត្រីយោធាកំពូលរបស់កូរ៉េខាងត្បូង និងអូស្ត្រាលី ជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ

0

បរទេស៖ អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា មន្ត្រីយោធាកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានពិភាក្សាតាមវីដេអូជាមួយសមភាគីអូស្ត្រាលីថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី។

យោងតាម JCS បានឱ្យដឹងថា លោក គីម យ៉ុងស៊ូ (Kim Myung-soo) និងលោក ដាវីដ ចនស្ដុន (David Johnston) ជាប្រធានកងកំលាំងការពារថ្មីរបស់ប្រទេសអូស្ត្រាលីបានវាយតម្លៃស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ និងពិភាក្សាអំពីមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការយោធា។

ភាគីទាំងពីរបានឯកភាពលើតម្រូវការពង្រីកសមយុទ្ធរួម និងការផ្លាស់ប្តូរកងកម្លាំង ដោយកត់សម្គាល់លើទំនាក់ទំនងទ្វេភាគីរបស់ពួកគេថា ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជាប្រទេសដែលបន្ត «សណ្តាប់ធ្នាប់សន្តិសុខផ្អែកលើច្បាប់» ។

លោក គីម ក៏បានថ្លែងអំណរគុណដល់លោក ចនស្ដុន សម្រាប់ការចូលរួមរបស់ប្រទេស អូស្ត្រាលីក្នុងប្រតិបត្តិការត្រួតពិនិត្យការរំលោភបំពានរបស់ប្រទេសកូរ៉េខាងជើងលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ដូចជាការផ្ទេរទំនិញខុសច្បាប់ពីកប៉ាល់ទៅកប៉ាល់ជាដើម។

កិច្ចពិភាក្សាបានធ្វើឡើងតាមសំណើរបស់ប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាម JCS ៕