បរទេស៖ ក្រុមហ៊ុនឱសថអង់គ្លេស អាស្រ្តាហ្សេនេកា (AstraZeneca) បានប្រកាសកាលពីថ្ងៃទី២០ ខែឧសភាថា ខ្លួនមានបំណងសាងសង់រោងចក្រមួយក្នុងទឹកប្រាក់ ១,៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងប្រទេសសិង្ហបុរី ដើម្បីផលិតឱសថព្យាបាលជំងឺមហារីកជំនាន់ថ្មី។ រោងចក្រនេះគ្រោងនឹងដំណើរការនៅឆ្នាំ២០២៩ និងផលិតឧបករណ៍ផ្សំឱសថអង្គបដិបក្ខ (ADCs)។រោងចក្រនេះ នឹងត្រូវបានរចនាឡើងដើម្បីបញ្ចេញកាបូនសូន្យចាប់ពីថ្ងៃដំបូងនៃប្រតិបត្តិការរបស់ខ្លួន។
ក្រុមខាងលើនោះ បានបញ្ជាក់ថា ADCs គឺជាការព្យាបាលជំនាន់ក្រោយ ដែលផ្តល់នូវភ្នាក់ងារសម្លាប់មហារីកដ៏មានឥទ្ធិពលខ្ពស់ដោយផ្ទាល់ ទៅកាន់កោសិកាមហារីកតាមរយៈអង្គបដិប្រាណគោលដៅ ។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រុមហ៊ុនអាស្រ្តាហ្សេនេកា ក៏បានបង្ហាញផងដែរថា រោងចក្រនេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី (EDB)។
លោក Png Cheong Boon ប្រធាន EDB បាននិយាយថា ពួកគេស្វាគមន៍សេចក្តីសម្រេចរបស់ក្រុមហ៊ុនអាស្រ្តាហ្សេនេកា ក្នុងការបង្កើតវត្តមានផលិតកម្មនេះនៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូង។ លោកបាននិយាយបន្តថា វាក៏នឹងក្លាយជារោងចក្រដំបូងសម្រាប់ក្រុមហ៊ុនអាស្រ្តាហ្សេនេកា ដែលផលិតពីចុងដល់ចប់សម្រាប់ការផ្សំឱសថអង្គបដិប្រាណ ដែលអាចឱ្យការព្យាបាលប្រកបដោយភាពជាក់លាក់សម្រាប់ជំងឺមហារីក។
ចំណែកឯលោក Pascal Soriot នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានបញ្ជាក់ដែរថា ADCs បានបង្ហាញសក្តានុពលដ៏ធំសម្បើមក្នុងការជំនួសការព្យាបាលដោយគីមីបែបបុរាណសម្រាប់អ្នកជំងឺមហារីក៕
ប្រភព៖ ក្រសួងព័ត៌មាន