បរទេស៖ ក្រុមហ៊ុនថាមពលវារីអគ្គិសនី Ukrhydroenergo របស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីកាលពីថ្ងៃពុធ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រវារីអគ្គិសនីចំនួន ២ទីតាំងក្នុងប្រទេសអ៊ុយក្រែន។
ក្រុមហ៊ុន Ukrhydroenergo បាននិយាយនៅលើបណ្ដាញសង្គមតេឡេក្រាម ដោយមិនបានបញ្ជាក់ពីទីតាំងថា «រោងចក្រថាមពលវារីអគ្គីសនីចំនួន ២កន្លែងត្រូវបានឈប់ដំណើរការ» ។ ក្រុមហ៊ុនបានបន្ថែមថា ការផលិតថាមពលវារីអគ្គីសនីទាំងមូលរបស់អ៊ុយក្រែនបានទទួលរងការខាតបង់ធំនៅក្នុងការវាយប្រហារនាពេលថ្មីៗនេះ។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងត្រូវការ «កិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន» និង«ធនធានហិរញ្ញវត្ថុដ៏សំខាន់» ដើម្បីជួសជុល និងស្តារឡើងវិញនូវកន្លែងដែលត្រូវបានបំផ្លាញ។
យោងតាមអាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៥៥គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២១គ្រឿងនៅក្នុងការវាយប្រហារមួយដែលបានកំណត់គោលដៅលើទីតាំងផលិតថាមពល និងទីតាំងបញ្ជូនថាមពលនៅក្នុងតំបន់ចំនួន ៦របស់អ៊ុយក្រែន៕
ប្រភព៖ AKP