បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានអបអរសាទរ លោក ចេរ៉េមៀហ៍ ម៉ាណេឡេ (Jeremiah Manele) ក្នុងការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកោះសូឡូម៉ុន។
នៅក្នុងសារអបអរសាទររបស់លោក លោក លី បាននិយាយថា ប្រទេសចិន និងកោះសូឡូម៉ុន គឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នាសម្រាប់យុគសម័យថ្មី។
លោក លី បាននិយាយថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៥ឆ្នាំមុនមក ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយត្រូវបានពង្រឹងជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងបានផ្តល់លទ្ធផលជាផ្លែផ្កា ហើយក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការភាគខាងត្បូងក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។
លោកបានបន្ថែមថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកោះសូឡូម៉ុន ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយលោក ម៉ាណេឡេ និងរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក ដើម្បីរក្សាការផ្លាស់ប្តូរកម្រិតកំពូល ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក បង្កើនការផ្លាស់ប្តូរមិត្តភាព និងជំរុញឱ្យមានវឌ្ឍនភាពថ្មីក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់យុគសម័យថ្មី ហើយផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជនរបស់ពួកគេ៕
ប្រភព៖ AKP