បរទេស៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងចិន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចា ដើម្បីរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេស លោក ចូ តេយុល (Cho Tae-yul) ដែលនឹងធ្វើឱ្យលោកក្លាយជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងដំបូងគេក្នុងការធ្វើទស្សនកិច្ចនៅរដ្ឋធានីរបស់ប្រទេសចិនក្នុងរយៈពេលជាង ៦ឆ្នាំ។
មន្ត្រីជាន់ខ្ពស់នៅស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅទីក្រុងប៉េកាំង បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មានកូរ៉េខាងត្បូងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអញ្ជើញលោក ចូ មកបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលពួកគេជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីខែកុម្ភៈ។
មន្ត្រីរូបនេះបាននិយាយថា «ប្រទេសទាំងពីរកំពុងពិភាក្សាអំពីដំណើរផ្លូវ និងរបៀបវារៈជាក់លាក់ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរបស់យើងទៅកាន់ប្រទេសចិន ហើយការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការកែតម្រូវ»។
ប្រសិនបើដំណើរទស្សនកិច្ចនេះត្រូវបានសម្រេច លោក ចូ នឹងក្លាយជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់តាំងពីពេលដែលរដ្ឋមន្ត្រីការបរទេស លោកស្រី កាង យ៉ុងវ៉ា (Kang Kyung-wha) បានធ្វើដូច្នេះក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ អំឡុងពេលនៃការគ្រប់គ្រងរបស់ប្រធានាធិបតី លោក មូន ចេអ៊ីន (Moon Jae-in)៕
ប្រភព៖ AKP