បរទេស៖ យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនជុំឆ្ពោះទៅកាន់សមុទ្រខាងកើតកាលពីថ្ងៃចន្ទ ដោយកើតឡើង៣ថ្ងៃបន្ទាប់ពីខ្លួនបានបាញ់មីស៊ីលឆ្លងទ្វីបចូលទៅក្នុងសមុទ្រលឿង។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលទំនងជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលបាញ់ចេញពីទីក្រុងព្យុងយ៉ាង នៅម៉ោង ៣:០១នាទីរសៀល។
អគ្គសេនាធិការចម្រុះ បាននិយាយនៅក្នុងសារមួយទៅកាន់អ្នកយកព័ត៌មានថា «មីស៊ីលរបស់កូរ៉េខាងជើងបានហោះបានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ»។ ប្រទេសនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ដោយលើកឡើងពីការវិភាគដែលកំពុងដំណើរការ។
អគ្គសេនាធិការចម្រុះ បានបរិហារពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថាជា «ការបង្កហេតុយ៉ាងច្បាស់លាស់» ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ដោយប្តេជ្ញារក្សាការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងការបាញ់បន្ថែមរបស់ខ្លួន។
នេះជាការបាញ់មីស៊ីលបាលីស្ទីកលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសនេះបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីដែលមានក្បាលគ្រាប់លឿនជាងសំឡេង។
ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានធ្វើការសាកល្បងថាមពល «ក្បាលគ្រាប់ធំ» សម្រាប់មីស៊ីលនាវាយុទ្ធសាស្ត្រ និងបានបាញ់សាកល្បងកាំជ្រួចប្រឆាំងយន្តហោះថ្មីនៅសមុទ្រលឿងកាលពីថ្ងៃសុក្រ។
ប្រទេសកូរ៉េខាងជើងបាននឹងកំពុងបង្កើនការសាកល្បងអាវុធនៅឆ្នាំនេះ រួមទាំងការបាញ់បង្ហោះមីស៊ីលគ្រូស និងមីស៊ីលផ្លោង ដែលមានក្បាលគ្រាប់អាចបញ្ជាបានលឿនជាងសំឡេង និងសមយុទ្ធបាញ់មីស៊ីលដែលពាក់ព័ន្ធនឹងគ្រាប់រ៉ុក្កែតធំៗជាច្រើន។
មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ជាធម្មតាពិបាកស្ទាក់ចាប់ជាមួយនឹងខែលការពារមីស៊ីលដែលមានស្រាប់។ វាធ្វើដំណើរក្នុងល្បឿនយ៉ាងហោចណាស់ ៥ដងនៃល្បឿនសំឡេង ហើយត្រូវបានរចនាឡើងដើម្បីអាចធ្វើដំណើរបាននៅលើផ្លូវហោះហើរដែលមិនអាចទាយទុកមុន និងហោះក្នុងរយៈកម្ពស់ទាប។
យោធាកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងដិតដល់ ខណៈដែលប្រទេសកូរ៉េខាងជើងត្រូវបានគេជឿថា កំពុងរៀបចំដាក់ផ្កាយរណបចារកម្មទី២ ទៅកាន់ទីអវកាស បន្ទាប់ពីការបាញ់បង្ហោះលើកដំបូងរបស់ខ្លួននៅក្នុងខែវិច្ឆិកា៕
ប្រភព៖ AKP