បរទេស៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៦ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសនិយាយភាសាព័រទុយហ្គាល់ (ម៉ាកាវ) ដែលត្រូវបានគេស្គាល់ថា វេទិកាម៉ាកាវ (Forum Macao) ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃចន្ទ។
សន្និសីទនេះបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសនិយាយភាសាព័រទុយហ្គាល់ (PSCs) ក្នុងរយៈពេល ៣ឆ្នាំខាងមុខ និងពង្រឹងតួនាទីរបស់ម៉ាកាវជាវេទិកាសេវាកម្មពាណិជ្ជកម្ម។
ព្រឹត្តិការណ៍សំខាន់ៗនៃសន្និសីទនេះរួមមាន ពិធីចុះហត្ថលេខាលើផែនការយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម (២០២៤-២០២៧) និងសន្និសីទសហគ្រិនសម្រាប់ប្រទេសចិន និងប្រទេសនិយាយភាសាព័រទុយហ្គាល់ ។
វេទិកាម៉ាកាវត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាកាវក្នុងខែតុលា ឆ្នាំ២០០៣ ដែលរៀបចំដោយរដ្ឋាភិបាលកណ្តាលនៃប្រទេសចិន (ក្រសួងពាណិជ្ជកម្ម) និងធ្វើឡើងដោយរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។
ប្រទេសដែលនិយាយភាសាព័រទុយហ្គាល់ចំនួន៩ប្រទេសរួមមាន ប្រទេសអង់ហ្គោឡា ប្រទេសប្រេស៊ីល ប្រទេសកាបូវើដេ ប្រទេសហ្គីណេប៊ីសសូ ប្រទេសអេក្វាទ័រហ្គីណេ ប្រទេសម៉ូសំប៊ិក ប្រទេសព័រទុយហ្គាល់ ប្រទេសសៅតូមេ និងព្រីនស៊ីប៉េ និងប្រទេសទីម័រខាងកើត បានចូលរួមក្នុងវេទិកានេះ។
ចាប់តាំងពីការបង្កើតវេទិកានេះ សន្និសីទថ្នាក់រដ្ឋមន្ត្រីចំនួន៥ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីពិសេសមួយ ត្រូវបានប្រារព្ធឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលរវាងប្រទេសចិន និងប្រទេសនិយាយភាសាព័រទុយហ្គាល់ក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ ឧស្សាហកម្ម ធនធានមនុស្ស ការថែទាំ និងសុខភាព ព្រមទាំងការអប់រំ និង កិច្ចការវប្បធម៌៕
ប្រភព៖ AKP