បរទេស៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយនៃអរិភាពយោធានៅមជ្ឈិមបូព៌ា និងវិបត្តិដែលកំពុងកើតមាននៅតំបន់ហ្គាហ្សាស្ទ្រីប។
យោងតាមសារព័ត៌មានស្ពុតនីក (Sputnik) បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកឡើងជាបន្ទាន់អំពីការកើនឡើងដ៏គ្រោះថ្នាក់ ចំពេលមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលគំរាមកំហែងដល់សន្តិសុខនៃតំបន់ទាំងមូល។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏ត្រូវបានគេរំពឹងផងដែរថានឹងដោះស្រាយបញ្ហានៃការស្នើសុំរបស់ប្រទេសប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិ។
កាលពីដើមខែមេសា ប៉ាឡេស្ទីនបានដាក់លិខិតស្នើសុំការពិចារណាជាថ្មីអំពីពាក្យសុំចូលជាសមាជិកពេញសិទ្ធិក្នុងអង្គការសហប្រជាជាតិ។ កាលពីថ្ងៃទី០៨ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្វែរការពិចារណាជាថ្មីនៃពាក្យសុំចូលជាសមាជិកអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីនក្នុងឆ្នាំ២០១១ ទៅគណៈកម្មាធិការស្តីពីការចូលជាសមាជិកថ្មីរបស់ខ្លួន។
ការបញ្ចូលសមាជិកថ្មីទៅកាន់អង្គការសហប្រជាជាតិ គឺត្រូវសម្រេចដោយមហាសន្និបាតតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ ដែលតម្រូវឱ្យមានការបោះឆ្នោតអនុគ្រោះយ៉ាងហោចណាស់ប្រាំបួនក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥រូប និងគ្មានសិទ្ធិវេតូដោយសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ (រុស្ស៊ី ប. សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងចិន)៕
ប្រភព៖ AKP