បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា អនុរដ្ឋមន្ត្រីការបរទេសបេឡារុស្ស លោក អេវហ្គេនី សេស្តាកូវ (Evgeny Shestakov) បានទៅដល់ទីក្រុងព្យុងយ៉ាងហើយ នៅក្នុងការផ្លាស់ប្តូរជាក់ស្តែងមួយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី។
ដំណើរទស្សនកិច្ចនេះបានកើតឡើងចំពេលដែលប្រទេសកូរ៉េខាងជើងមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយនឹងប្រទេសរុស្ស៊ី ដោយបង្ហាញទស្សនៈថា ដំណើរទស្សនកិច្ចរបស់លោក សេស្ដាកូវ អាចមានគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង៣។
ប្រទេសបេឡារុស្សបានគាំទ្រប្រទេសរុស្ស៊ីជុំវិញសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ប្រទេសកូរ៉េខាងជើងត្រូវបានគេសង្ស័យថា បានផ្គត់ផ្គង់សព្វាវុធដល់ប្រទេសរុស្ស៊ីសម្រាប់សង្គ្រាម ខណៈប្រទេសនេះកំពុងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាពីទីក្រុងម៉ូស្គូ សម្រាប់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។
នៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីខែកញ្ញា ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌ័រ លូកាសេនកូ (Alexander Lukashenko)បានស្នើកិច្ចសហប្រតិបត្តិការត្រីភាគី ដែលពាក់ព័ន្ធនឹងទីក្រុងម៉ូស្គូ ទីក្រុងមីនស្គក និងទីក្រុងព្យុងយ៉ាង។
កាលពីខែមករា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម ស៊ុនយ៉ុង (Kim Son-kyong) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស លោក សើរហ្គេយ អាឡេយនីក (Sergei Aleinik) នៅខាងក្រៅកិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសអ៊ូហ្គង់ដា៕
ប្រភព៖ AKP