ទីប្រឹក្សានយោបាយកំពូលរបស់ចិនជួបជាមួយប្រធានរដ្ឋសភាវៀតណាម

0

បរទេស៖ ទីប្រឹក្សានយោបាយកំពូលរបស់ចិន លោក វ៉ាង ហ៊ូនីង (Wang Huning) កាលពីថ្ងៃអង្គារបានជួបជាមួយប្រធានរដ្ឋសភាវៀតណាម លោក វឺង ឌិញហ្វេ (Vuong Dinh Hue) នៅទីក្រុងប៉េកាំង។

លោក វ៉ាង ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន (CPPCC) បានកត់សម្គាល់ថា កាលពីខែធ្នូឆ្នាំមុន អគ្គលេខាធិការនៃគណបក្សទាំងពីរបានប្រកាសរួមគ្នា អំពីការកសាងសហគមន៍ចិន-វៀតណាមដែលមានអនាគតរួមគ្នាប្រកបដោយសារៈសំខាន់ជាយុទ្ធសាស្ត្រ បង្កើតទិសដៅថ្មីសម្រាប់ទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរក្នុងដំណាក់កាលនៃសម័យថ្មី។

ដោយកត់សំគាល់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសវៀតណាម ដើម្បីអនុវត្តន៍ទាំងស្រុងនូវការឯកភាពដែលថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរសម្រេចបាន និងជំរុញការកសាងសហគមន៍ចិន-វៀតណាមប្រកបដោយអនាគតរួមគ្នា លោក វ៉ាង បាននិយាយថា គណៈកម្មាធិការជាតិ CPPCC ត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរ។

លោក វឺង ឌិញហ្វេ បាននិយាយថា ប្រទេសវៀតណាមបានចាត់ទុកប្រទេសចិនជាអាទិភាព និងជាជម្រើសយុទ្ធសាស្ត្រកំពូលរបស់ខ្លួនក្នុងទំនាក់ទំនងការបរទេស ហើយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ។ លោកបាននិយាយថា ប្រទេសវៀតណាមមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលអគ្គលេខាធិការទាំងពីរសម្រេចបាន បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

លោក វឺង ឌិញហ្វេ បានបន្ថែមថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការកសាងសហគមន៍វៀតណាម-ចិនឱ្យកាន់តែស៊ីជម្រៅជាមួយនឹងអនាគតរួម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

ប្រភព៖ AKP