បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសស៊ាន អាមារ អាប់ឌុលលាន (Hossein Amir-Abdollahian) បានបើកអគារកុងស៊ុលថ្មីមួយនៅរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី បន្ទាប់ពីមានការបំផ្លិចបំផ្លាញស្ថានកុងស៊ុលចាស់ ដោយការវាយប្រហាររបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន។
លោក អាមារ អាប់ឌុលលាន រួមជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក ហ្វៃសាល មេកដេដ (Faisal Mekdad) បានចូលរួមក្នុងពិធីសម្ពោធស្ថានកុងស៊ុលថ្មី ដែលមានទីតាំងនៅជាប់នឹងអគារចាស់ ដែលត្រូវបានកម្ទេចដោយសារការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលកាលពីប៉ុន្មានថ្ងៃមុន។
ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងដាម៉ាស លោក អាមារ អាប់ឌុលលាន បានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរី លោក បាសារ អាល់ អាសសាដ (Bashar al-Assad) រដ្ឋមន្ត្រីការបរទេស លោក ហ្វៃសាល មេកដេដ និងមន្ត្រីសន្តិសុខជាតិស៊ីរី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរី លោក អាមារ អាប់ឌុលលាន បានបញ្ជាក់សារជាថ្មីថា ប្រទេសអ៊ីស្រាអែលនឹងទទួលបាន «ការឆ្លើយតបជាចាំបាច់» សម្រាប់ការវាយប្រហាររបស់ខ្លួនលើស្ថានកុងស៊ុល ខណៈពេលដែលមានការបន្ទោសទៅលើសហរដ្ឋអាមេរិកចំពោះឧប្បត្តិហេតុនេះ។
កង្វះនៃការថ្កោលទោសដោយសហរដ្ឋអាមេរិក នៃការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាសបានបង្ហាញថា «ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ភ្លើងខៀវដល់អ៊ីស្រាអែលដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មនេះ» លោកបាននិយាយថា «ការវាយប្រហារ» ត្រូវបានអនុវត្តន៍ដោយប្រើយន្តហោះចម្បាំងសហរដ្ឋអាមេរិក និងមីស៊ីល»។
ជាងនេះទៅទៀត រដ្ឋមន្ត្រីរូបនេះបានរំលឹកឡើងវិញថា ការវាយប្រហាររបស់អ៊ីស្រាអែល «នឹងមិនដំណើរការដោយគ្មានចម្លើយឡើយ»។ ចំណែកលោក មេកដេដ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់ថា ជាការរំលោភច្បាប់អន្តរជាតិ និងតម្លៃទាំងអស់ដែលមនុស្សជាតិមាន៕
ប្រភព៖ AKP