បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃចន្ទបានជួបជាមួយប្រធានរដ្ឋសភាវៀតណាម លោក វឺង ឌិញហ្វេ (Vuong Dinh Hue) នៅទីក្រុងប៉េកាំង។
ក្នុងឱកាសស្នើឲ្យ លោក វឺង ឌិញហ្វេ ផ្ញើរសារសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយ លោក ង្វៀន ភូទ្រង់ (Nguyen Phu Trong) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ស៊ី ក៏បាននិយាយផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមកាលពីចុងឆ្នាំមុន លោក និងលោក ង្វៀន ភូទ្រង់ បានប្រកាសរួមគ្នាអំពីការកសាងសហគមន៍ចិន-វៀតណាមជាមួយនឹងអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ពោលគឺបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។
លោក ស៊ី បានបន្ថែមថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការឯកភាពដែលលោក និងលោក ង្វៀន ភូទ្រង់ សម្រេចបានកំពុងត្រូវបានអនុវត្តន៍។
លោក ស៊ី បាននិយាយថា លក្ខណៈពិសេសប្លែកបំផុតនៃទំនាក់ទំនងចិន-វៀតណាម គឺភាគីទាំងពីរជាដៃគូដែលមានចិត្តដូចគ្នា ដែលចងភ្ជាប់ដោយជោគវាសនារួម និងជា «សមមិត្តបូកនឹងបងប្អូន» គឺជាការបង្ហាញយ៉ាងរស់រវើកបំផុតនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងភាគីប្រទេសចិន និងវៀតណាម។
លោកបានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់សមិទ្ធិផលបន្ថែមទៀតក្នុងការកសាងសហគមន៍ចិន-វៀតណាមជាមួយនឹងអនាគតរួមគ្នា បម្រើឱ្យកាន់តែប្រសើរឡើងនូវទំនើបកម្មរៀងៗខ្លួន ផ្តល់ផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជនទាំងពីរ និងរួមចំណែកកាន់តែច្រើនក្នុងបុព្វហេតុសង្គមនិយមសកល។
ប្រទេសចិនមានឆន្ទៈពង្រីកការផ្លាស់ប្តូរបទពិសោធន៍ដែលទទួលបានក្នុងការគ្រប់គ្រងទាំងបក្ស និងប្រទេស ជួយសម្រួលដល់ការរួមផ្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រច្រករបៀង២ និងរង្វង់សេដ្ឋកិច្ចមួយ និងបង្កើនការផ្លាស់ប្តូររវាងយុវជន និងទីក្រុងជាបងប្អូនក្នុងចំណោមប្រទេសដទៃទៀត៕
ប្រភព៖ AKP