បុគ្គលិកស្ថានទូតម៉ិកស៊ិកចាកចេញពីប្រទេសអេក្វាឌ័រ បន្ទាប់ពីបែកបាក់ទំនាក់ទំនងការទូត

0

បរទេស៖ បុគ្គលិកស្ថានទូតម៉ិកស៊ិកបានចាកចេញ បន្ទាប់ពីប្រទេសម៉ិកស៊ិកបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអេក្វាឌ័រ ដោយសារប៉ូលីសអេក្វាឌ័របានសម្រុកចូលស្ថានទូតម៉ិកស៊ិក ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី លោក ចរហ្គេ ហ្គ្លាស (Jorge Glas) ដែលត្រូវបានកាត់ទោសពីបទពុករលួយ។

ក្រសួងការបរទេសរបស់ម៉ិកស៊ិកបានអះអាងនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គមអ៊ិច ដែលពីមុនជាបណ្ដាញសង្គមធ្វីតធ័រថា បុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេកំពុងត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ។

ក្រសួងបាននិយាយថា ប្រទេសជាមិត្ត និងសម្ព័ន្ធមិត្តបានគាំទ្រប្រទេសម៉ិកស៊ិកក្នុងការធានាសុវត្ថិភាពរបស់ពលរដ្ឋម៉ិកស៊ិក ដោយអមដំណើរពួកគេក្នុងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្នុងរដ្ឋធានីអេក្វាឌ័រ។

ប្រធានាធិបតីម៉ិកស៊ិក លោក អានដ្រេស ម៉ាញ៉ែល ឡូប៉េហ្ស អូប្រាដ័រ (Andres Manuel Lopez Obrador) បានចាត់ទុកការវាយឆ្មក់របស់ប៉ូលីសលើស្ថានទូតម៉ិកស៊ិកថា ជាការរំលោភលើអធិបតេយ្យភាព និងច្បាប់អន្តរជាតិរបស់ប្រទេសម៉ិកស៊ិក ហើយបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអេក្វាឌ័រ។

លោកក៏បានណែនាំរដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក អាលីសៀ បារសេណា​ (Alicia Barcena) ឱ្យសម្របសម្រួលការវិលត្រឡប់របស់បុគ្គលិកការទូតដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសអេក្វាឌ័រ រួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពី «ការវាយប្រហារដោយហិង្សា» លើស្ថានទូតម៉ិកស៊ិក៕

ប្រភព៖ AKP