បរទេស៖ មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីលដែលមានមូលដ្ឋាននៅលើដី ដោយមានសមត្ថភាពបាញ់មីស៊ីលអេសអេម-៦ និងមីស៊ីលតូម៉ាហាវ (Tomahawk) នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែលកើនឡើង។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងត្បូង លោក ឆាលេស ហ្វ្លីន (Charles Flynn) បាននិយាយថា កងទ័ពសហរដ្ឋអាមេរិកបានបង្កើត «ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ» ដោយរាយបញ្ជីឧបករណ៍ស្ទាក់ចាប់មីស៊ីលអេសអេម-៦ និងមីស៊ីលតូម៉ាហាវ ជាមីស៊ីលដែលអាចត្រូវបានបាញ់ចេញពីប្រព័ន្ធបាញ់បង្ហោះថ្មី។
មីស៊ីលអេសអេម-៦ ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងដែលមានរយៈចម្ងាយជាង ២៤០គីឡូម៉ែត្រ ហើយមីស៊ីលតូម៉ាហាវ គឺជាមីស៊ីលដែលអាចបាញ់បានចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ។
កងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ បានធ្វើប្រតិបត្តិការមីស៊ីលភីអេស៊ី-៣ (PAC-3) កម្រិតទាប និងឧបករណ៍ស្ទាក់ចាប់ Terminal High Altitude Area Defense (THAAD) ។ ខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកត្រូវបានបំពេញបន្ថែមដោយប្រព័ន្ធការពារមីស៊ីលពីដីទៅលើអាកាសអេម-អេសអេអេម (M-SAM) របស់ប្រទេសកូរ៉េខាងត្បូង ដែលហៅថាឆុនហ្គូង បានប្រឆាំងនឹងការគំរាមកំហែងកម្រិតមធ្យម។
មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូលបានលើកឡើងពីការព្រួយបារម្ភលើទីក្រុងព្យុងយ៉ាង ដែលជំរុញកម្មវិធីអាវុធរបស់ខ្លួនដោយមានជំនួយពីទីក្រុងមូស្គូ ជាថ្នូរនឹងការផ្គត់ផ្គង់កុងតឺន័ររាប់ពាន់ដែលផ្ទុកគ្រាប់បែក និងអាវុធផ្សេងទៀតចាប់តាំងពីឆ្នាំមុន។
លោក ហ្វ្លីន បានសរសើរកងទ័ពកូរ៉េខាងត្បូងដែលបានធ្វើដំណើរហួសពីទឹកដីរបស់ខ្លួន ដើម្បីចូលរួមសមយុទ្ធចម្រុះជាតិសាសន៍ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅបរទេស ដោយលោកជឿជាក់ថា ខ្លួនបានផ្ញើ «សារសំខាន់» ទៅកាន់តំបន់យ៉ាងទូលំទូលាយ ចំពេលមានការកើនឡើងនៃបញ្ហាសន្តិសុខដែលបង្កឡើងដោយប្រទេសចិន៕
ប្រភព៖ AKP