ប្រទេសថៃ​កំពុង​ពិភាក្សា​ជាមួយប្រទេស​ចិន និងឡាវ ស្តីពី​ការ​បើក​ផ្លូវ​អាកាស​ថ្មី

0

បរទេស៖ ប្រធានវិទ្យុអាកាសចរណ៍ថៃ (Aerothai) លោក ណូប៉ាស៊ីត ចាកពីតាក (Nopasit Chakpitak) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃកំពុងពិភាក្សាជាមួយប្រទេសចិន និងឡាវ អំពីផែនការបើកផ្លូវអាកាសថ្មីដើម្បីជួយសម្រួលការកកស្ទះក្នុងផ្លូវហោះហើរនាពេលបច្ចុប្បន្នដែលកំណត់ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

បន្ទាប់ពីប្រទេសទាំងបីបានព្រមព្រៀងទៅលើផ្លូវហោះហើរថ្មីរវាងប្រទេសថៃ និងចិនឆ្លងកាត់ប្រទេសឡាវហើយ ពួកគេនឹងស្វែងរកការអនុម័តពី ICAO ដោយលោកបាននិយាយបន្ថែមថា ផ្លូវហោះហើរថ្មីនោះអាចនឹងត្រូវបានបើកនៅដើមឆ្នាំ២០២៦ បន្ទាប់ពីបំពេញតម្រូវការសុវត្ថិភាពរបស់ ICAO ។

យោងតាមរូបលោក បានឱ្យដឹងថា ឧស្សាហកម្មអាកាសចរណ៍នៅអាស៊ីបានមើលឃើញសញ្ញានៃការពង្រីកយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងប្រទេសចិន និងឥណ្ឌា បន្ទាប់ពីការបញ្ជាទិញយន្តហោះជាង ១.០០០គ្រឿង។ Aerothai ដែលជាសហគ្រាសរដ្ឋនៅក្រោមក្រសួងដឹកជញ្ជូនថៃ បានមើលឃើញពីតម្រូវការក្នុងការបង្កើនសមត្ថភាពដែនអាកាស ដើម្បីទប់ទល់នឹងការពង្រីកដែលបានរំពឹងទុក។

លោកបានចែករំលែកថា ផ្លូវស្របគ្នាដែលបានគ្រោងទុករវាងប្រទេសថៃ និងចិន នឹងមានជើងហោះហើររវាងខេត្តភាគខាងជើងប្រទេសថៃ ដែលរួមមានខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ ព្រមទាំងទីក្រុងសំខាន់ៗរបស់ប្រទេសចិន ដូចជាទីក្រុងគុនមីង ទីក្រុងគីយ៉ាង​ ទីក្រុងចេងឌូ ទីក្រុងទៀនហ្វ៊ូ ទីក្រុងចុងគីង និងទីក្រុងស៊ីអានជាដើម។

Aerothai បានព្យាករណ៍ថានឹងមានជើងហោះហើរជាង ៩០០.០០០ជើងទៅកាន់ប្រទេសថៃនៅក្នុងឆ្នាំនេះ បើធៀបនឹងជើងហោះហើរចំនួន ៨០០.០០០ជើងកាលពីក្នុងឆ្នាំ២០២៣។ តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១លានជើងនៅក្នុងឆ្នាំ២០២៥ ដែលស្មើនឹងកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ-១៩៕

ប្រភព៖ AKP