បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្ត្រីស្រីលង្កា លោក ឌីណែសហ៍ ហ្គូណាវ៉ារដេណា (Dinesh Gunawardena) ក្នុងទីក្រុងប៉េកាំង។
ដោយកត់សម្គាល់ថា មិត្តភាពរវាងប្រទេសចិន និងប្រទេសស្រីលង្កាមានប្រវត្តិដ៏យូរលង់ ហើយប្រជាជនទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នានោះ លោក ស៊ី បាននិយាយថា ការបង្រួបបង្រួម និងលើកកម្ពស់ទំនាក់ទំនងចិន-ស្រីលង្កា បានបម្រើផលប្រយោជន៍រួមជាមូលដ្ឋាន និងឆ្លុះបញ្ចាំងពីការរំពឹងទុករួមរបស់ប្រជាជនទាំងពីរ។
លោកបានកត់សម្គាល់ថា ប្រទេសចិន និងស្រីលង្កាគួរតែរួមដៃគ្នា ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ពួកគេ ដោយបង្ហាញពីជំនួយទៅវិញទៅមកដោយស្មោះត្រង់ និងមិត្តភាពយូរអង្វែង។
ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសស្រីលង្កាក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ ហើយក្នុងការស្វែងរកផ្លូវទំនើបកម្មដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន លោក ស៊ី បាននិយាយដោយបន្ថែមថា ប្រទេសចិននឹងបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសស្រីលង្កា។
លោកបានមានប្រសាសន៍ថា ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ ជាពិសេសគម្រោងដែលលេចធ្លោទាំងពីរ គឺកំពង់ផែកូឡុមបូ និងកំពង់ផែហាមបានតូតា។ ប្រទេសចិន និងស្រីលង្កាក៏គួរតែធ្វើការជាមួយគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកដឹកជញ្ជូន ថាមពល និងឧស្សាហកម្ម ព្រមទាំងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ថាមពលស្អាត ទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ចសមុទ្រ។
លោក ស៊ី បាននិយាយថា ប្រទេសចិននឹងបន្តនាំចូលផលិតផលពិសេស ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសស្រីលង្កា លើកទឹកចិត្តសហគ្រាសចិនក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេស ហើយសង្ឃឹមថា បរិយាកាសធុរកិច្ចនៅក្នុងប្រទេសស្រីលង្កានឹងមានភាពយុត្តិធម៌ និងតម្លាភាព។
ដោយកត់សម្គាល់ថា ប្រទេសស្រីលង្កា និងចិនរីករាយនឹងមិត្តភាពជាប្រពៃណី លោក ហ្គូណាវ៉ារដេណា បាននិយាយថា ប្រទេសស្រីលង្កាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ អនុវត្តតាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសចិន និងផ្តល់អាទិភាពដល់ប្រទេសចិនក្នុងរបៀបវារៈការទូតរបស់ខ្លួន។
លោកបានសម្តែងការកោតសរសើរ ចំពោះជំនួយរបស់ប្រទេសចិនចំពោះប្រទេសស្រីលង្កាក្នុងគ្រាលំបាក ដោយលោកមានប្រសាសន៍ថា គម្រោងនានាដូចជាកំពង់ផែកូឡុមបូ និងកំពង់ផែហាមបានតូតា បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសស្រីលង្កា ក៏ដូចជាការអភិវឌ្ឍរួមនៃតំបន់។
លោក ហ្គូណាវ៉ារដេណា បាននិយាយថា ប្រទេសស្រីលង្កានឹងចូលរួមក្នុងគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល ដែលស្នើឡើងដោយប្រទេសចិន គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល លោកបានបន្ថែមថា ប្រទេសនេះនឹងធ្វើការជាមួយប្រទេសចិន ដើម្បីលើកកម្ពស់មិត្តភាពទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការអប់រំ ទេសចរណ៍ ការកាត់បន្ថយភាពក្រីក្រ និងវិស័យផ្សេងៗទៀត ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង និងការសម្របសម្រួលអន្តរជាតិ និងពហុភាគី៕
ប្រភព៖ AKP