បរទេស៖ ពិធីសម្ពោធមួយត្រូវបានធ្វើឡើង សម្រាប់ការជួសជុលកំពង់ផែដីគោកនៅភាគអាគ្នេយ៍ប្រទេសម៉ុងហ្គោលី ដែលផ្តល់ដោយមូលនិធិប្រទេសចិន។
នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក ឡូវសានណាមស្រៃ អូយូន អឺដេណេ (Luvsannamsrai Oyun-Erdene) និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ុងហ្គោលី លោក សេន មីនជួន (Shen Minjuan) បានចូលរួមក្នុងពិធីអបអរសាទរ នៃការបញ្ចប់ការជួសជុលកំពង់ផែនៅតំបន់ហ្សាមីន អ៊ូដ ដែលជាតំបន់ព្រំដែន ក្នុងខេត្តដរណូហ្គូវី នៅភាគអាគ្នេយ៍ប្រទេសម៉ុងហ្គោលី។
លោក អូយុន អឺដេណេ បានសម្តែងការដឹងគុណចំពោះប្រទេសចិន ដែលបានយកឈ្នះលើការលំបាកនានា ដោយបានជួយក្នុងការសាងសង់កំពង់ផែស្តង់ដារអន្តរជាតិ បង្កើនសមត្ថភាពបោសសំអាតគយ និងការដឹកទំនិញចេញចូលចំនួន ៥ដង និងគាំទ្រដល់គោលនយោបាយស្ដារឡើងវិញនៃកំពង់ផែរបស់ប្រទេសម៉ុងហ្គោលី។
លោក អូយុន អឺដេណេ បាននិយាយថា «ការរស់ឡើងវិញនៃកំពង់ផែនេះ គឺជាគោលដៅសំខាន់មួយនៃកម្មវិធីគោលដៅអភិវឌ្ឍន៍រយៈពេលមធ្យម និងគោលនយោបាយរស់ឡើងវិញជាថ្មីរបស់រដ្ឋាភិបាល» ។
ដោយកត់សម្គាល់ថា ការជួសជុលកំពង់ផែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចរបស់ប្រទេសម៉ុងហ្គោលី លោក សេន បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសម៉ុងហ្គោលី ដើម្បីបន្តការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃកំពង់ផែ លើកកម្ពស់មធ្យោបាយដឹកជញ្ជូនថ្មី ចាប់ផ្តើមសកម្មភាពទេសចរណ៍ឆ្លងដែន និងកែលម្អការតភ្ជាប់ថ្មី៕
ប្រភព៖ AKP