បរទេស៖ មន្ត្រីជាន់ខ្ពស់ និងអ្នកតំណាងធុរកិច្ចមកពីប្រទេសចិន និងប្រទេសអាល់ហ្សេរី បានជួបពិភាក្សាគ្នានៅក្នុងខេត្តសេទីហ្វ ភាគខាងកើតនៃប្រទេសអាល់ហ្សេរី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចចិន-អាល់ហ្សេរី។
វេទិកានេះបានរៀបចំរួមគ្នាដោយស្ថានទូតចិនប្រចាំប្រទេសអាល់ហ្សេរី និងរដ្ឋាភិបាលខេត្តសេទីហ្វ ដោយមានអ្នកចូលរួមចំនួន ២៦០នាក់ រួមទាំងសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលអាល់ហ្សេរី ព្រមទាំងអ្នកជំនួញមកពីប្រទេសទាំងពីរផងដែរ។
នៅក្នុងសុន្ទរកថាដែលថ្លែងក្នុងវេទិកា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាល់ហ្សេរី លោក លី ជៀន (Li Jian) បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអាល់ហ្សេរីបានឈានចូលដំណាក់កាលថ្មីមួយ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងខ្លាំង ដោយពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំមានលើសពី ១០ប៊ីលានដុល្លារអាម៉េរិកជាលើកដំបូងក្នុងឆ្នាំ២០២៣។
សម្រាប់អភិបាលខេត្តសេទីហ្វ លោក មូស្ទាផា លីម៉ានី (Mustapha Limani) បាននិយាយថា វេទិកានេះកំពុងប្រព្រឹត្តទៅក្រោមលក្ខខណ្ឌដ៏វិជ្ជមាន ជាពិសេស ដោយសារប្រទេសអាល់ហ្សេរីកំពុងមើលឃើញការផ្លាស់ប្តូរយុទ្ធសាស្ត្រសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនៃការវិនិយោគ និងបរិយាកាសធុរកិច្ច។
ក្នុងវេទិកានេះ តំណាងរដ្ឋាភិបាលអាល់ហ្សេរីបានណែនាំអំពីគោលនយោបាយពាណិជ្ជកម្ម និងលក្ខខណ្ឌនៃការទទួលបានទីផ្សារ នៃប្រទេសអាល់ហ្សេរីដល់អ្នកចូលរួមផងដែរ៕
ប្រភព៖ AKP